(ម៉ូស្គូ)៖ យន្តហោះទម្លាក់គ្រាប់បែកធុន Su-34 ជាច្រើនគ្រឿងរបស់ទីបញ្ជាការយោធាភាគខាងកើតនៃប្រទេសរុស្ស៊ី ទើបតែបានបញ្ចប់ការហោះហើរពិសេសមួយ ដើម្បីអនុវត្តន៍ប្រតិបត្តិការទម្លាក់គ្រាប់ទៅលើវាលសម្រាប់ការហ្វឹកហ្វឺនមួយកន្លែង នៅតំបន់ភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
យន្តហោះចម្បាំង Sukhoi Su-34 ដែលអាចទម្លាក់គ្រាប់បែកបាននេះ ត្រូវបានគេអភិវឌ្ឍន៍ឡើងដើម្បីបើកការវាយប្រហារចំពោះគោលដៅនៅលើផ្ទៃដី ក៏ដូចជាផ្ទៃទឹកដោយមានប្រសិទ្ធភាពខ្ពស់បំផុត ហើយលើសពីនេះទៀតយន្តហោះធុននេះ ក៏មានសមត្ថភាធ្វើការវាយលុកទៅលើគោលដៅតូចៗដែលចល័តនៅលើដី ឬក៏ហោះហើរនៅលើអាកាសបានទាំងក្នុងពេលយប់ និងពេលថ្ងៃទោះបីជាស្ថិតក្រោមអាកាសធាតុ មិនអំណោយផលបែបណាក៏ដោយ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនសហរដ្ឋអាមេរិក បានបញ្ជូនកងទ័ពប្រហែល៤,០០០នាក់រួមជាមួយរថពាសដែករាប់រយគ្រឿង និងរថក្រោះជាង៨០គ្រឿងទៀតទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីដឹកជញ្ជូនទៅកាន់ប៉ូឡូញ និងដាក់ពង្រាយនៅបន្តតាមតំបន់អឺរ៉ុបខាងកើត ក្នុងនាជាផ្នែកនៃប្រតិបត្តិការ Atlantic Resolve ដែលត្រូវបានបង្កើតឡើងដើម្បីសំដៅធានាប្រាប់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោននៅអឺរ៉ុបថាសហរដ្ឋអាមេរិកមានការប្តេជ្ញាយ៉ាងមុះមុតដើម្បីការពារពួកគេពីទីក្រុងម៉ូស្គូ ទោះបីជារុស្ស៉ីបានបដិសេធជាដដែលៗថា ខ្លួនមិនបង្កការគំរាមកំហែងណាមួយដល់អ្នកជិតខាង ឬក៏ប្រជាជាតិណាមួយនៅលើពិភពលោកនោះឡើយ។
រីឯកាលពីដើមសប្តាហ៍នេះវិញកងម៉ារីនរបស់សហរដ្ឋអាមេរិកប្រមាណ ៣០០នាក់បានធ្វើដំណើរទៅដល់ប្រទេសន័រវេស និងបន្តរក្សាវត្តមាននៅទីនោះក្នុងរយៈពេលរហូតដល់០៦ខែ ខណៈដែលការចល័តបែបនេះគឺជាលើកទីមួយហើយចាប់តាំងពីសង្រ្គាមលោកលើកទីពីរមកដែលកងកម្លាំងយោធាបរទេសត្រូវបានអនុញ្ញាតឲ្យឈរជើងនៅក្នុងប្រទេសអឺរ៉ុបខាងជើងមួយនេះ ហើយវាក៏អាចជាការរុកគួន ប្រទេសរុស្ស៊ីដែលជាអ្នកជិតខាងរបស់ន័រវេសផងដែរ។
ដោយឡែកនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរយៈពេល០៨ឆ្នាំរបស់លោកប្រធានាធិបតីផុតអាណត្តិ បារ៉ាក់ អូបាម៉ា បានធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូធ្លាក់ចុះដុនដាបជាខ្លាំងរហូតដល់កំរិតមួយដែលស្ទើរតែដូចទៅនឹងស្ថានការណ៍កាលពីសម័យសង្រ្គាមត្រជាក់អ៊ីចឹង៕