(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បាននិយាយថា លោកចង់ពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិក បន្ថែមទៀតនៅក្រោមរដ្ឋាភិបាលអាមេរិកថ្មីរបស់ លោក ដូណាល់ ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិកទី៤៥ នៅថ្ងៃសុក្រ ទី២០ ខែមករា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខសភាជាតិជប៉ុន លោក អាបេ បានគូសបញ្ជាក់ដូច្នេះថា «សម្ព័ន្ធភាពជប៉ុន-អាមេរិក នឹងកាន់តែរឹងមាំដោយផ្អែកលើនយោបាយការទូត និងសន្តិសុខរវាងប្រទេសទាំងពីរ ហើយដែលនេះគឺជាគោលការណ៍គ្រឹះមិនអាចកែប្រែបាន (...) ខ្ញុំអាចនឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ដើម្បីពង្រឹងទំនាក់ទំនងបន្ថែម ជាមួយរដ្ឋាភិបាលអាមេរិកថ្មីរបស់លោក ដូណាល់ ត្រាំ»។
គួរបញ្ជាក់ថាការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ នៅមុននិងក្រោយពេលលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក បានធ្វើឱ្យជប៉ុនមានកង្វល់មិនតិចនោះទេ ជុំវិញភាពមិនច្បាស់នៃគោលនយោបាយអាមេរិកនៅក្នុងតំបន់ ជាពិសេសនោះគឺការសន្យាលុបចោល កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP) តែម្ដងដែលនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅតែប្រកាន់គោលជំហរគំាទ្រកិច្ចព្រមព្រៀងនេះ៕