(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបង្គាប់មន្រ្តីក្រោមឱវាទស្វែងរកលទ្ធភាពក្នុងការបញ្ឈប់ការប្រើប្រាស់យន្តហោះដឹកអ្នកដំណើរយោធាធុន Tu-154, Tu-134, និង Il-62M តទៅទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
យន្តហោះសម្រាប់ដឹកមន្រ្តីយោធារបស់ប្រទេសរុស្ស៊ីធុន Tu-154, Tu-134, និង Il-62M អាចត្រូវបានផ្លាស់ប្តូរដោយជំនួសមកវិញនូវយន្តហោះទំនើបថ្មីជាងមុនធុន Tu-214 និង Sukhoi Superjet 100 ឬហៅកាត់ថា SSJ-100។ គំរោងបញ្ឈប់ការប្រើប្រាស់យន្តហោះទាំងបីប្រភេទនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីយន្តហោះដឹកមន្រ្តីយោធាធុន Tu-154 មួយគ្រឿងរបស់រុស្ស៊ី ដែលមានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់មូលដ្ឋានទ័ព Hmeimin ស្ថិតក្នុងទីក្រុង Latakia ប្រទេសស៊ីរី បានធ្លាក់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ហើយបានបណ្តាលឲ្យមនុស្សនៅលើយន្តហោះ សរុប៩២នាក់បាត់បង់ជីវិត។
គួរបញ្ជាក់ថាក្រសួងការពារជាតិ ជាមួយក្រុមហ៊ុន United Aircraft Corporation (UAC) របស់ប្រទេសរុស្ស៊ី នឹងសហការគ្នាដើម្បីឈានដល់ការព្រមព្រៀងទៅលើផលិតកម្មនៃយន្តហោះ ដែលនឹងត្រូវយកមកប្រើប្រាស់ជំនួស យន្តហោះចាស់ទាំងបីប្រភេទខាងលើ។ ជាងនេះទៅទៀតលោក Shoigu បានទទូចថា ការផ្លាស់ប្តូរចាំបាច់ត្រូវតែសម្រេចបាន ដោយពុំមានការផ្តល់ថវិកាបន្ថែមពីរដ្ឋាភិបាលឡើយ ប៉ុន្តែបានក៏គូសបញ្ជាក់ដែរថា ពេលវេលាជាក់លាក់នៃការផ្លាស់ប្តូរយន្តហោះវិញមិនទាន់ត្រូវបានកំណត់ច្បាស់នោះទេ៕