(សេណេហ្គាល់)៖ ប្រធានាធិបតីជាប់ឆ្នោតហ្គាំប៊ី លោក Adama Barrow បានស្បថចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការហើយ នៅឯស្ថានទូតហ្គាំប៊ី ប្រចាំទីក្រុងដាកា (Dakar) ប្រទេសសេណេហ្គាល់ នៅម៉ោង ៤៖០០នាទីរសៀលថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុង ប្រទេសសេណេហ្គាល់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក Adama Barrow បានអំពាវនាវឱ្យសាធារណជនទូទៅចូលរួមនៅក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ខណៈប្រធានាធិបតីចាញ់ឆ្នោត លោក Yahya Jammeh ចង់លុបចោលលទ្ធផលបោះឆ្នោតដោយបញ្ជាក់ថា មានភាពមិនប្រក្រតីបានកើតឡើងនៅអំឡុងពេលបោះឆ្នោត។
ពាក់ព័ន្ធនឹងវិបត្តិនយោបាយនេះដែរ រដ្ឋាភិបាលសេណេហ្គាល់ បានបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់តំបន់ព្រំដែនជាប់ប្រទេសហ្គាំប៊ី ក្នុងគោលបំណងបង្ខំឱ្យប្រធានាធិបតីចាញ់ឆ្នោតលោក Yahya Jammeh ទទួលស្គាល់លទ្ធផលបោះឆ្នោត និងយល់ព្រមចុះចេញពីមុខតំណែងដោយខ្លួនឯង ហើយមិនតែប៉ុណ្ណោះថែមទំាងព្រមានដែរថា បើសិនមិនមានដំណោះស្រាយនយោបាយទេនោះ កងទ័ពសេណេហ្កាល់ នឹងឆ្លងកាត់ព្រំដែនចូលក្នុងទឹកដីប្រទេសហ្គាំប៊ី ដោយដាក់ឱសានវាទនៅថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា ប្រធានាធិបតីហ្គាំប៊ី លោក Yahya Jammeh គួរតែត្រូវចុះចេញពីដំណែង នៅថ្ងៃពុធម្សិលមិញ ហើយត្រូវប្រគល់ទៅឱ្យលោក Adama Barrow ដែលជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតកាលពីខែធ្នូ ឆ្នាំ២០១៦ និងកំពុងរស់នៅប្រទេសសេណេហ្គាល់ ក៏ប៉ុន្តែសភាបែរជាអនុញ្ញាតឱ្យលោក Jammeh អាចកាន់តំណែងជាប្រធានាធិបតីរយៈពេលបីខែបន្តទៀតទៅវិញ៕