(មែលប៊ន)៖ មនុស្សស្លាប់កើនឡើងដល់០៣នាក់ហើយ និង២០នាក់រងរបួស (មួយចំនួនរបួសធ្ងន់) បន្ទាប់ពីកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យតក់ស្លុតមួយ គឺការបុករះក្រុមអ្នកដំណើរតាមចិញ្ចើមផ្លូវ ដោយសារតែរថយន្តបាត់បង់ភាពម្ចាស់ការ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
អ្នកបើកបររថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចអូស្ត្រាលីចាប់ខ្លួននៅហ្នឹងកន្លែងកើតហេតុស្ថិតនៅមុខផ្សារមួយកន្លែងនៅកែងដងវិថី Bourke និង Gueens ក្នុងទីក្រុងមែលប៊ន កាលពីវេលាម៉ោង ២៖០០នាទីរសៀលម៉ោងនៅទីក្រុងស៊ីដនី។ អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានប្រាប់ប៉ូលិសថា គេបានសង្កេតឃើញរថយន្តបង្ក បើកបរដោយភាពមិនប្រក្រតី មុននឹងជ្រុលទៅបុករះហ្វូងមនុស្ស។
ប៉ូលិសប្រចាំរដ្ឋវិតូរៀ បានលើកឡើងយ៉ាងដូច្នេះថា «អ្នកបើកបរទំនងជាបុរសម្នាក់ ដែលបានបើករថយន្ត ទាំងកម្រោលមកបុករះក្រុមមនុស្សម្នាដែលដើរនៅតាមចិញ្ចើមផ្លូវ។ ពីដំបូងក្នុងចំណោមមនុស្សរងរបួសទាំងជាង ២០នាក់នោះមិនមានអ្នកស្លាប់ឡើយ ប៉ុន្តែក្រោយមកបន្តិចទើបសមត្ថកិច្ចអះអាងថា អ្នកទទួលរងរបួសធ្ងន់ម្នាក់បានស្លាប់ នៅហ្នឹងកន្លែងបាត់ទៅហើយ» ដោយឡែកមនុស្ស០២នាក់ផ្សេងទៀតបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ៕