(សេអ៊ូល)៖ សម្ព័ន្ធមិត្ត​ទាំងបី អាមេរិក កូរ៉េខាងត្បូង និងជប៉ុន នឹងធ្វើសមយុទ្ធ​យោធា​ជើងទឹក​ទ្រង់ទ្រាយ​ធំ​រួមគ្នា​​មួយនា​សប្តាហ៍នេះ សំដៅបង្កើន​​​សមត្ថភាព​ទប់ទល់​ប្រឆាំងនឹង​មីស៊ីលផ្លោង​របស់​កូរ៉េខាងជើង នៅ​ចំពោះ​មុខការកើន​ឡើង​នៃសញ្ញា​ដែលថា​ទីក្រុងព្យុងយ៉ាង​ បានត្រៀម​លក្ខណៈ​រួចជា​ស្រេច​ដើម្បីបាញ់​សាកល្បង​មីស៊ីល​ផ្លោង ICBM នោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

កងទព័ជើង​ទឹកកូរ៉េខាងត្បូង​បានឲ្យដឹង​ថា​ នាវាពិឃាត​បំពាក់​ដោយ​ប្រព័ន្ធ Aegis ប្រឆាំង​នឹង​មីស៊ីល​ផ្លោង​ដែលមកពី​ប្រទេសទាំងបី​នឹងចូលរួម​​ក្នុងសមយុទ្ធ​រយៈពេលបី​ថ្ងៃនេះ ដើម្បីហ្វឹកហ្វាត់​សមត្ថភាពចាប់សញ្ញា​ និងតាមដាន​មីស៊ីល​របស់​កូរ៉េខាងជើង។ វាត្រូវបាន​បង្កើត​ឡើង​ក្នុងគោល​បំណង​ពង្រឹងសមត្ថភាព​នៃកងទ័ព​របស់ពួកគេ​ក្នុងការឆ្លើយ​តប​ភ្លាមៗ​ ចំពោះ​ការគំរាមកំហែង​ផ្នែកយោធា​ដែលកំពុង​កើនឡើង​ពីសំណាក់​រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា​ការធ្វើសមយុទ្ធ​ទ្រង់ទ្រាយធំ​ថ្មីនេះត្រូវបាន​រៀបចំឡើង ស្របពេល​ដែលមាន​ការកត់​សម្គាល់ឃើញថា​ កូរ៉េខាង​ជើង​​​ប្រហែល​​​ជា​អាច​បាញ់​​មីស៊ីល​ផ្លោង ICBM ចេញពី​ព្រលានយន្តហោះ Panghyon នៅភាគពាយ័ព្យប្រទេស ចំពេលលោក ដូណាល់ ត្រាំ ស្បថ​ឡើង​​កាន់​តំណែងជា​ប្រធានាធិបតី​ទី៤៥ នៃសហរដ្ឋអាមេរិក​តែម្តង៕