(អូស្ត្រាលី)៖ អ្នកបើកបររថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចអូស្ត្រាលីចាប់ខ្លួននៅហ្នឹងកន្លែងកើតហេតុស្ថិតនៅមុខផ្សារមួយកន្លែងនៅកែងដងវិថី Bourke និង Gueens ក្នុងទីក្រុងមែលប៊ន កាលពីវេលាម៉ោង ២៖០០នាទីរសៀលម៉ោងនៅទីក្រុងស៊ីដនី ក្រោយពីរូបគេបានបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យតក់ស្លុតមួយ គឺការបុករះក្រុមអ្នកដំណើរតាមចិញ្ចើមផ្លូវ ដោយសារតែរថយន្តបាត់បង់ភាពម្ចាស់ការ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Guardian នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
ប៉ូលិសប្រចាំរដ្ឋវិតូរៀ បានលើកឡើងយ៉ាងដូច្នេះថា «អ្នកបើកបរទំនងជាបុរសម្នាក់ ដែលបានបើករថយន្ត ទាំងកម្រោលមកបុករះក្រុមមនុស្សម្នា ដែលដើរ នៅតាមចិញ្ចើមផ្លូវ។ ពីដំបូងក្នុងចំណោមមនុស្សរងរបួសទាំងជាង ២០នាក់នោះមិនមានអ្នកស្លាប់ឡើយ ប៉ុន្តែក្រោយមកបន្តិចទើបសមត្ថកិច្ចអះអាងថា អ្នកទទួលរងរបួសធ្ងន់ម្នាក់បានស្លាប់ នៅហ្នឹងកន្លែងបាត់ទៅហើយ»។
ជុំវិញបញ្ហានេះប៉ូលិសអូស្ត្រាលី មិនបានបង្ហាញអត្តសញ្ញាណរបស់អ្នកបើកបររថយន្តបង្កហេតុខាងលើនេះឡើយ ដោយត្រូវរង់ចាំការស៊ើបអង្កេតជាបន្តទៀត៕