(សេអ៊ូល)៖ កូរ៉េខាងជើងនៅតែបន្តព្រមានជាថ្មីម្ដងទៀតនៅថ្ងៃសុក្រនេះ ពីការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលនេះអាចជាសញ្ញាមួយ ដែលក្រុមអ្នកជំនាញកូរ៉េខាងត្បូងមួយចំនួនមើលឃើញថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់សាកល្បងមីស៊ីលប្រភេទនេះនៅអំឡុងថ្ងៃលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ ជាផ្លូវការនៅថ្ងៃសុក្រ (ម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
ការសន្និដ្ឋានខាងលើរបស់ក្រុមអ្នកជំនាញមិនមែនគ្មានសំអាងនោះទេ ជាក់ស្ដែងកាន់តែខិតជិតដល់ថ្ងៃលោក ត្រាំ ស្បថចូលកាន់តំណែង កូរ៉េខាងជើងបានព្រមានម្ដងហើយម្ដងទៀត ពីការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM ពោលគឺចាប់តាំងពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងថានៅក្នុងសុន្ទរកថាអបអរថ្ងៃចូលឆ្នាំថ្មី ទីក្រុងព្យុងយ៉ាងបានឈានដល់ដំណាក់កាលចុងក្រោយ នៃការអភិវឌ្ឍមីស៊ីលផ្លោង ICBM។
ជាងនេះទៅទៀតកាលពីថ្ងៃទី០៨ ខែមករា កន្លងទៅសារព័ត៌មានរដ្ឋកូរ៉េខាងជើង ថែមទាំងបានបញ្ជាក់ថា កូរ៉េខាងជើងនឹងបាញ់សាកល្បងមីស៊ីល ICBM គ្រប់ពេលវេលាគ្រប់ទីកន្លែងឱ្យតែ លោក គីម ជុងអ៊ុន ដាក់បញ្ជា ខណៈយោធាកូរ៉េខាងត្បូងក៏បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញផងដែរថាកូរ៉េខាងជើង អាចនឹងបាញ់សាកល្បងមីស៊ីល ICBM នៅពេលដ៏ខ្លីខាងមុខនេះ។
ដោយឡែកនៅក្នុងសេចក្ដីថ្លែងការណ៍មួយ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បាននិយាយចំៗឱ្យសហរដ្ឋអាមេរិកថា «ការបាញ់សាកល្បងមីស៊ីលផ្លោង ICBM គឺជាការបង្កើនសមត្ថភាពការពារខ្លួនដ៏ត្រឹមត្រូវពីការគំរាមកំហែងធ្វើសង្រ្គាមនុយក្លេអ៊ែរ ពីសំណាក់សហរដ្ឋអាមេរិកប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហើយទីក្រុងវ៉ាស៊ីនតោន ក៏គ្មានសិទ្ធិអ្វីមកនិយាយពីការបាញ់សាកល្បងនេះដែរ ពីព្រោះវាកើតឡើងក៏ដោយសារតែនយោបាយឈ្លានពានរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងកូរ៉េខាងជើង»។
«យើងមិនខ្វល់ឡើយថាអ្នកដទៃនិយាយឬគិតយ៉ាងមេច ប៉ុន្តែការបាញ់សាកល្បងមីស៊ីលផ្លោង ICBM របស់យើងនឹងត្រូវធ្វើឡើងតាមពេលវេលា និងទីកន្លែងជាក់លាក់ឱ្យតែមេដឹកនាំរបស់យើងសម្រេចចិត្ត ឬដាក់បញ្ជា»។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun៕