(ចិន)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងចំណាយថវិកាចំនួន២.៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងការបំពុលអាកាសធាតុ នៅក្នុងរដ្ឋធានីរបស់ខ្លួនសម្រាប់ឆ្នាំ២០១៧នេះ។ នេះបើតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនៅព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
មួយចំនួននៃថវិកាទាំងនោះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីបិទ ឬក៏បង្កើនកម្រិតសុវត្ថិភាពក្នុងរោងចក្រជាង ២,០០០កន្លែងដែលកំពុងបំពុលអាកាសធាតុ, ជំនួសពីការប្រើប្រាស់ធ្យូងមកប្រើថាមពលស្អាតវិញនៅតាមបណ្តោយជាយរដ្ឋធានី និងលែងអនុញ្ញាតឲ្យប្រើប្រាស់យានយន្តចាស់ៗប្រមាណ ៣០០,០០០គ្រឿងដែលបាននិងកំពុងបំពុលអាកាសធាតុកម្រិតខ្ពស់។ នេះបើតាមការបញ្ជាក់ពី អភិបាលស្តីទីនៃរដ្ឋធានីប៉េកាំង លោក Cai Qi។
គួរបញ្ជាក់ថាអាជ្ញាធរកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្អាតបរិយាកាសអាក្រក់នៅក្នុងប្រទេសចិន ជាពិសេសនៅរដ្ឋធានី និងតំបន់ជុំវិញដែលកំពុងទទួលរងគ្រោះខ្លាំង។ នៅថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរចិន បានបើកប្រតិបត្តិការបរិស្ថានមួយដែលមានការសហការពីកម្លាំងប៉ូលិស ដើម្បីបំបាត់ការដុតសំរាមខុសច្បាប់នៅក្នុងរដ្ឋធានី ដែលជាការបន្ថែមខ្យល់ពុល ទៅក្នុងបរិស្ថានដែលកខ្វក់ស្រាប់ទៅហើយ៕