(រីយ៉ូ)៖ មនុស្សចំនួនបីនាក់បានបាត់បង់ជីវិតភ្លាមៗ ដោយនៅក្នុងចំណោមនោះមានទាំងប្រធានតុលាការកំពូលលោក Teori Zavascki ផងដែរ បន្ទាប់ពីយន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់ទៅក្នុងផ្ទៃសមុទ្រក្បែរទីក្រុងរីយ៉ូនៃប្រទេសប្រេស៊ីល នាថ្ងៃព្រហស្បតិ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
យន្តហោះធុនតូចខាងលើជាកម្មសិទ្ធិរបស់បុគ្គលឈ្មោះ Carlos Alberto Filgueiras ដែលជាម្ចាស់សណ្ឋាគារ Emiliano ក្នុងទីក្រុង Sao Paulo បានហោះចាកចេញពីទីក្រុងនេះ ឆ្ពោះទៅកាន់ទីក្រុង Paraty ប៉ុន្តែនៅអំឡុងពេលធ្វើដំណើរក៏បានធ្លាក់នាវេលាម៉ោងប្រហែល ០១៖៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ (ម៉ោងក្នុងទីក្រុងរីយ៉ូ)។ ក្រោយមកមានសេចក្តីរាយការណ៍ថា ក្រុមពន្លត់អគ្គិភ័យប្រចាំតំបន់បានរកឃើញយន្តហោះដែលបានធ្លាក់នោះ ជាមួយនិងសាកសពមនុស្សបីនាក់រួមទាំងលោក Teori Zavascki ក៏ដូចជាអ្នកនៅរស់រានមានជីវិតម្នាក់ផងដែរ។
គួរបញ្ជាក់ថា លោក Teori Zavascki ត្រូវបានតែងតាំងជាប្រធានតុលាការកំពូលនៃប្រទេសប្រេស៊ីលដោយអតីតប្រធានាធិបតីលោកស្រី Dilma Rouseff៕