(ម៉ូស្គូ)៖ លោក បារ៉ាក់ អូបាម៉ា បានខិតខំប្រឹងប្រែងជាខ្លាំងដើម្បីធ្វើយ៉ាងណាបង្កភាពស្មុគស្មាញដល់ទំនាក់ទំនង អាមេរិក-រុស្ស៊ី ក្នុងវេលាចុងក្រោយបំផុតនៃអាណត្តិជាប្រធានាធិបតីរបស់រូបលោក ដោយលោកមេដឹកនាំអាមេរិករូបនេះ បានបន្ថែមពេលទៅលើទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី , បញ្ជូន និងដាក់ពង្រាយកងទ័ពជាច្រើនពាន់នាក់ រួមជាមួយរថក្រោះរាប់សិបគ្រឿងទៅកាន់តំបន់អឺរ៉ុបខាងកើត, និងចាប់ផ្តើមចល័តកងកម្លាំងអង្គការណាតូ (NATO) ទៅក្បែរព្រំដែនរុស្ស៊ីជាដើម។ នេះបើតាមសម្តីអ្នកសារព័ត៌មានយោធាជនជាតិអ៊ីតាលីលោក Mirko Molteni ដែលដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
លោក Mirko Molteni បានប្រាប់សារព័ត៌មាន Sputnik ថា «នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះយើងគ្រប់គ្នាបានឃើញផ្ទាល់នឹងភ្នែកហើយថា រដ្ឋាភិបាលលោក បារ៉ាក់ អូបាម៉ា បានខិតខំប្រឹងប្រែងប្រមូលកម្លាំង និងពេលវេលាដែលនៅសេសសល់ទាំងប៉ុន្មាន ដើម្បីធ្វើឲ្យមានភាពស្មុគស្មាញបន្ថែមទៀតដល់ទំនាក់ទំនង អាមេរិក-រុស្ស៊ី ដែលនឹងផ្តល់ផលវិបាកដល់លោក ដូណាល់ ត្រាំ ក្នុងការស្តាវាឡើងវិញ។ តួយ៉ាងការដាក់ពង្រាយនៃទាហានប្រហែល៤,០០០នាក់រួមនិងរថក្រោះធុន M1 Abrams ចំនួន៨៧គ្រឿងនៅប្រទេសប៉ូឡូញ ហើយវាមិនមែនជារឿងចៃដន្យនោះឡើយដែលកងទ័ព និងរថក្រោះត្រូវបានបញ្ចូនទៅកាន់ទីនោះ ខណៈទីក្រុង Kaliningrad របស់រុស្ស៊ីដែលមានព្រំប្រទល់ជាប់ប៉ូឡូញ និងលីទុយអានីគឺស្ថិតនៅក្បែរ និងស្ទើរតែនៅក្នុងបរិវេណអង្គការ NATO ហើយនោះ»។
លោក Molteni បានលើកឡើងជាចុងក្រោយថា ប្រធានាធិបតីផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា ទំនងជាបានសម្រេចចិត្តធ្វើការគូសចំណាំការចាកចេញរបស់លោក ពីតំណែងជាមេដឹកនាំកំពូលនៃសហរដ្ឋអាមេរិក ជាមួយការបន្ថែមរថក្រោះ និងកងទ័ពនៅអឺរ៉ុបក៏ដូចជា ការចល័តនានារបស់អង្គការ NATO ព្រមទាំងការបន្ថែមពេលវេលាទៅលើទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនសហរដ្ឋអាមេរិក បានបញ្ជូនកងទ័ពប្រហែល៤,០០០នាក់រួមជាមួយរថពាសដែករាប់រយគ្រឿង និងរថក្រោះជាង៨០គ្រឿងទៀតទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីដឹកជញ្ជូនទៅកាន់ប៉ូឡូញ និងដាក់ពង្រាយនៅបន្តតាមតំបន់អឺរ៉ុបខាងកើត ក្នុងនាមជាផ្នែកនៃប្រតិបត្តិការ Atlantic Resolve ដែលត្រូវបានបង្កើតឡើងដើម្បីសំដៅធានាប្រាប់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោននៅអឺរ៉ុបថា សហរដ្ឋអាមេរិកមានការប្តេជ្ញាយ៉ាងមុះមុតដើម្បីការពារពួកគេពីទីក្រុងម៉ូស្គូ ទោះបីជារុស្ស៉ីបានបដិសេធជាដដែលៗថា ខ្លួនមិនបង្កការគំរាមកំហែងណាមួយដល់អ្នកជិតខាង ឬក៏ប្រជាជាតិណាមួយនៅលើពិភពលោកនោះឡើយ។
រីឯកាលពីដើមសប្តាហ៍នេះវិញកងម៉ារីនរបស់សហរដ្ឋអាមេរិកប្រមាណ ៣០០នាក់បានធ្វើដំណើរទៅដល់ប្រទេសន័រវេស និងបន្តរក្សាវត្តមាននៅទីនោះក្នុងរយៈពេលរហូតដល់០៦ខែ ខណៈដែលការចល័តបែបនេះគឺជាលើកទីមួយហើយចាប់តាំងពីសង្រ្គាមលោកលើកទីពីរមក ដែលកងកម្លាំងយោធាបរទេសត្រូវបានអនុញ្ញាតឲ្យឈរជើងនៅក្នុងប្រទេសអឺរ៉ុបខាងជើងមួយនេះ ហើយវាក៏អាចជាការរុកគួន ប្រទេសរុស្ស៊ីដែលជាអ្នកជិតខាងរបស់ន័រវេសផងដែរ៕