(ហ្គាំប៊ី)៖ កងទ័ពសេណេហ្គាល់ បានសម្រេចចិត្តឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីប្រទេសហ្គាំប៊ីហើយ ដើម្បីគាំទ្រប្រធានាធិបតីជាប់ឆ្នោត លោក Adama Barrow ដែលបានស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅឯស្ថានទូតហ្គាំប៊ីប្រចាំទីក្រុងដាកា ប្រទេសសេណេហ្គាល់ បន្ទាប់ពីបានឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីខែធ្នូ ឆ្នាំ២០១៦ ដោយមានការទទួលស្គាល់ពីសំណាក់សហគមន៍អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
សេណេហ្គាល់ គឺជាអ្នកដឹកនាំប្រតិបត្តិការចល័តទ័ពនេះ ដោយមានការគំាទ្រពីសំណាក់ប្រទេសនីហ្សេរីយ៉ា និងបណ្ដារដ្ឋដ៏ទៃទៀតនៅក្នុងតំបន់ អាហ្រ្វិកខាងលិច ឬគេស្គាល់ថា Block Ecowas។ សកម្មយោធានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្គាំប៊ី លោក Yahya Jammeh ដែលគួរតែត្រូវចុះចេញពីដំណែងនៅថ្ងៃពុធកន្លងទៅ បានបដិសេធមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត និងប្រគល់អំណាចឱ្យលោក Adama Barrow។
ព្រមពេលជាមួយគ្នានោះដែរ Ecowas បានដាក់ឱសានវាទត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់ថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងប្រទេសហ្គាំប៊ី) ឱ្យលោក Jammeh ចុះចេញពីតំណែងដោយខ្លួនឯង បើពុំដូច្នោះទេពួកគេនឹងប្រើប្រាស់កម្លាំងយោធាទម្លាក់លោកចេញពីតំណែងតែម្តង។ ទោះបីជាបែបនេះក្តីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វិបត្តិនយោបាយនេះគួរតែត្រូវបានដោះស្រាយ តាមរយៈការចរចានយោបាយ ជាជាងការប្រើកម្លាំងយោធា។
គួរបញ្ជាក់ថាការបដិសេធមិនព្រមចុះចេញពីអំណាចរបស់ លោក Yahya Jammeh ត្រូវបានគាំទ្រដោយសភាជាតិហ្គាំប៊ី។ លោក Jammeh បានឡើងកាន់តំណែងជាប្រធានាធិបតីហ្គាំប៊ី ចាប់តាំងពីមានរដ្ឋប្រហារនៅឆ្នាំ១៩៩៤មក។ ចំណែកឯប្រជាជនហ្គាំប៊ីជាង ២៦,០០០នាក់ ត្រូវបានគេរំពឹងថា អាចនឹងរត់ភៀសខ្លួនទៅកាន់ប្រទេសសេណេហ្គាល់ បើសិនជាអំពើហិង្សាផ្ទុះឡើង៕