(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតីជិតផុតអាណត្តិ បារ៉ាក់ អូបាម៉ា បានបង្កឲ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ ធ្លាក់ចុះដុនដាបជាខ្លាំងរហូតដល់កំរិតមួយដែលស្ទើរតែដូចទៅនឹងស្ថានការណ៍កាលពីសម័យសង្រ្គាមត្រជាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានធ្វើការអធិប្បាយទៅលើលទ្ធផលនៃការដឹកនាំរយៈពេល០៨ឆ្នាំរបស់លោក បារ៉ាក់ អូបាម៉ា យ៉ាងដូច្នេះថា «លទ្ធផលគឺអាក្រក់មែនទែន! រដ្ឋាភិបាលបក្សប្រជាធិបតេយ្យដែលជិតផុតអាណត្តិបានធ្វើឲ្យចំណងទ្វេភាគីរបស់យើង ឲ្យធ្លាក់ដល់កំរិតដូចសម័យសង្រ្គាមដោយចេតនាសុទ្ធសាធ ហើយពួកគេនៅតែបន្តបំផ្លិចបំផ្លាញមូលដ្ឋានគ្រឹះនៃចំណងនេះរហូតដល់ថ្ងៃចុងក្រោយ, រហូតដល់នាទីចុងក្រោយ» ហើយលោកស្រី Zakharova បានបន្ថែមទៀតថា សម័យកាលដឹកនាំរបស់លោក អូបាម៉ា បានក្លាយជាពេលវេលានៃការបាត់បង់ឱកាសសម្រាប់ទំនាក់ទំនងអាមេរិក-រុស្ស៊ី។
នៅក្នុងឱកាសនោះដែរលោកស្រីអ្នកនាំពាក្យបានអះអាងថា ទីក្រុងម៉ូស្គូមានក្តីសង្ឃឹមថា រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ នឹងសំដៅបង្កើតកិច្ចសន្ទនាជាធម្មតាមួយជាមួយប្រទេសរុស្ស៊ី ខណៈពេលដែលភាគីរុស្ស៊ីបានត្រៀមលក្ខណៈរួចជាស្រេច។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនសហរដ្ឋអាមេរិក បានបញ្ជូនកងទ័ពប្រហែល៤,០០០នាក់រួមជាមួយរថពាសដែករាប់រយគ្រឿង និងរថក្រោះជាង៨០គ្រឿងទៀតទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីដឹកជញ្ជូនទៅកាន់ប៉ូឡូញ និងដាក់ពង្រាយនៅបន្តតាមតំបន់អឺរ៉ុបខាងកើត ក្នុងនាមជាផ្នែកនៃប្រតិបត្តិការ Atlantic Resolve ដែលត្រូវបានបង្កើតឡើងដើម្បីសំដៅធានាប្រាប់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោននៅអឺរ៉ុបថា សហរដ្ឋអាមេរិកមានការប្តេជ្ញាយ៉ាងមុះមុតដើម្បីការពារពួកគេពីទីក្រុងម៉ូស្គូ ទោះបីជារុស្ស៉ីបានបដិសេធជាដដែលៗថា ខ្លួនមិនបង្កការគំរាមកំហែងណាមួយដល់អ្នកជិតខាង ឬក៏ប្រជាជាតិណាមួយនៅលើពិភពលោកនោះឡើយ។
រីឯកាលពីសប្តាហ៍នេះវិញកងម៉ារីនរបស់សហរដ្ឋអាមេរិកប្រមាណ ៣០០នាក់បានធ្វើដំណើរទៅដល់ប្រទេសន័រវេស និងបន្តរក្សាវត្តមាននៅទីនោះក្នុងរយៈពេលរហូតដល់០៦ខែ ខណៈដែលការចល័តបែបនេះគឺជាលើកទីមួយហើយចាប់តាំងពីសង្រ្គាមលោកលើកទីពីរមក ដែលកងកម្លាំងយោធាបរទេសត្រូវបានអនុញ្ញាតឲ្យឈរជើងនៅក្នុងប្រទេសអឺរ៉ុបខាងជើងមួយនេះ ហើយវាក៏អាចជាការរុកគួន ប្រទេសរុស្ស៊ីដែលជាអ្នកជិតខាងរបស់ន័រវេសផងដែរ៕