(អាមេរិក)៖ យោងតាមសារព័ត៌មាន Skynews ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះឲ្យដឹងថា លោក ដូណាល់ ត្រាំ និងក្រុមគ្រួសារ បានទៅដល់ទីក្រុងវ៉ាស៊ីនតោនហើយ ដើម្បីត្រៀមខ្លួនស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក នៅថ្ងៃស្អែក។
ពិធីស្បថចូលកាន់តំណែងនឹងត្រូវចាប់ផ្តើមធ្វើឡើងនៅវេលាថ្ងៃត្រង់ រហូតដល់ពេលរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ (ម៉ោងនៅសហរដ្ឋអាមេរិក) ត្រូវនឹងវេលាយប់ជ្រៅឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ (ម៉ោងនៅកម្ពុជា)។ ពិធីនេះរៀបចំនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
* ថ្ងៃឡើងកាន់ដំណែងប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ត្រូវបានរៀបចំឡើងក្នុងរយៈពេលបួនឆ្នាំម្តង នៅថ្ងៃទី២០ ខែមករា។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។ នៅថ្ងៃទី២០ ខែមករាលោក ដូ ណាល់ត្រាំ ដែលមេបក្សប្រឆាំង នៅកម្ពុជាលោក សម រង្ស៊ី ហៅថាជាជនផ្តាច់ការនោះ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកជាផ្លូវការ។
វាជាកម្មវិធីនៃការចាប់ផ្តើមអាណត្តិថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដែលមានរយៈពេលបួនឆ្នាំ។ កម្មវិធីឡើងកាន់អំណាចនេះត្រូវបានរៀបចំ ឡើងសម្រាប់ការចាប់ផ្តើមអាណត្តិនីមួយៗ បើទោះបីជាប្រធានាធិបតីរូបនោះបន្តកាន់អំណាចក្នុងរយៈពេលអាណត្តិទីពីរក៏ដោយក្តី។
ក្រៅពីកម្មវិធីស្បថចូលកាន់ដំណែង ការថ្លែងសន្ទរកថា និងកម្មវិធីផ្សេងៗនោះ ក៏មានការរៀបចំក្បួនព្យុះហយាត្រាតាមបណ្តោយដងវិថី Pennsylvania ផងដែរ។ ប្រធានាធិបតីថ្មី ទស្សនាការធ្វើព្យុះហយាត្រាដែលមានមនុស្សចូលរួមដង្ហែរាប់ពាន់នាក់៕