(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ីបានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់រង្វាន់ដល់ក្រុមហ៊ុនឯកជនណាមួយក៏ដោយ ដែលមានសមត្ថភាពរកឃើញតួខ្លួននៃយន្តហោះដឹកអ្នកដំណើរ MH370 របស់អាកាសចរណ៍ម៉ាឡេស៊ីដែលបានបាត់ខ្លួនសូន្យឈឹង នៅក្រោយពេលប្រតិបត្តិតាមស្វែងរុករកដែលបានចំណាយពេលចំនួន០៣ឆ្នាំ ដោយពុំទទួលបានលទ្ធផលជាផ្លែផ្កាអ្វីទាំងអស់នោះត្រូវបានបញ្ឈប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីលោក Abdul Aziz Kaprawi បានថ្លែងថា រដ្ឋាភិបាលបានបើកចំហយ៉ាងទូលាយដល់បណ្តាក្រុមហ៊ុនឯកជននានា ក្នុងការស្វែងរកយន្តហោះដឹកអ្នកដំណើរដែលមានជោគវាសនាដ៏អភ័ព្វនេះ ហើយនឹងប្រគល់ជាប្រាក់រង្វាន់ដល់ក្រុមហ៊ុនណាដែលរកឃើញតួយន្តហោះ ប៉ុន្តែលោក Kaprawi បានគូសបញ្ជាក់ដូច្នេះថា «រាល់ការចំណាយទាំងអស់ក្នុងប្រតិបត្តិការរុករកគឺជាបន្ទុករបស់ពួកគេ ដោយយើងនឹងផ្តល់រង្វាន់ជូនក្រុមហ៊ុនទាំងនោះ លុះត្រាតែពួកគេទទួលជោគជ័យ»។
ចំណែកឯទំហំនៃប្រាក់រង្វាន់វិញ មិនទាន់ត្រូវបានសម្រេចនៅឡើយទេ ដោយលោកអនុរដ្ឋមន្រ្តីបានលើកឡើងថា បើក្រុមហ៊ុនណាមានបំណងចង់ ចាប់ផ្តើមប្រតិបត្តិការ ត្រូវតែទាក់ទងជាមួយរដ្ឋាភិបាល ហើយនាពេលនោះប្រាក់រង្វាន់នឹងត្រូវប្រកាសឲ្យដឹង។
ដោយឡែកការស្វែករកនៅក្នុងបរិវេណ១២០,០០០គីឡូម៉ែត្រក្រឡា នៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា បានចំណាយថវិកាសរុបអស់ប្រមាណជា១៥០លានដុល្លារ ប៉ុន្តែប្រទេសទាំងបីរួមមាន ចិន អូស្ត្រាលី និងម៉ាឡេស៊ី ដែលបានចូលរួមពាក់ព័ន្ធមានការស្ទាក់ស្ទើរក្នុងការបន្តប្រតិបត្តិការទៅទៀត ដោយគ្មានភស្តុតាងថ្មីជាក់លាក់បញ្ជាក់ពីកន្លែងធ្លាក់របស់យន្តហោះ MH370 នោះ ក៏បានសម្រេចផ្អាកតែម្តង។ ជុំវិញការផ្អាកនេះដែរ ក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះបានសម្ដែងការមិនពេញចិត្តជាខ្លាំង និងបានស្នើឱ្យអាជ្ញានៃប្រទេសទាំងបី ចាប់ផ្ដើមប្រតិបត្តិការរបស់ពួកគេឡើងវិញ។
សូមជំរាបថា យន្ដហោះដឹកអ្នកដំណើរ MH370 និងក្រុមបុគ្គលិកយន្ដហោះសរុប២៣៩នាក់បានបាត់ខ្លួនដោយអាថ៌កំបាំងជាទីបំផុតនៅលើផ្ទៃអាកាសនៃឈូងសមុទ្រថៃ កាលពីវេលាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ក្នុងគោលដៅហោះហើរពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងនៃប្រទេសចិន៕