(បរទេស)៖ រថយន្ត Rolls-Royce Phantom ដ៏ពិសេសចំនួនពីរគ្រឿងស្រោបមាស តាមការច្នៃយ៉ាងពិសេស នឹងត្រូវបានបម្រុងទុក សម្រាប់ភ្ញៀវសំខាន់ៗបំផុត របស់សណ្ឋាគារ THE 13 ។
រថយន្តទាំងពីរគ្រឿងនេះ ជារថយន្តពិសេសជាងគេ ក្នុងចំណោមសំណុំរថយន្ត Rolls-Royce Phantom ទាំង៣០គ្រឿង ដែលកុម្ម៉ង់ដោយសហគ្រិនលោក Stephen Hung ជាសហប្រធានរបស់ក្រុមហ៊ុន THE 13 HOLDINGS LIMITED ដើម្បីឆ្លុះបញ្ចាំងអំពីចក្ខុវិស័យដ៏មោះមុតរបស់លោក ដូចបង្ហាញឲ្យឃើញស្រាប់តាមរយៈការរចនាសណ្ឋាគារដ៍ប្រណីតរបស់លោក ។
ភ្ញៀវពិសេសនឹងត្រូវបានដឹកជញ្ជូនក្នុងភាពឆើតឆាយ ស្ថិតនៅក្នុងរថយន្ត Rolls-Royce ដែលហ៊ុមព័ទ្ធទៅដោយគ្រឿងបំពាក់ពិសេសបែប Bespoke កុម្ម៉ង់ដោយលោក Hung ដែលរថយន្តនេះ ត្រូវបានរចនាឡើង ដើម្បីធ្វើឲ្យការធ្វើដំណើរ ដោយមិនបាច់ប្រឹង និងប្រកបដោយភាពប្រណីត។
រថយន្តទាំងពីរនេះ ត្រូវបានគេស្គាល់តាម រយៈការស្រោបមាសសុទ្ធកម្រិត២៤ការ៉ាត ទាំងផ្ទៃខាងក្រៅ និងខាងក្នុង ហើយត្រូវបានកោតសរសើរថា ជារថយន្តប្រណីតបំផុតក្នុងចំណោមសំណុំរថយន្តទាំង ៣០ គ្រឿង ហើយក៏ស្ថិតក្នុងចំណោមរថយន្ត Rolls-Royce Phantom ថ្លៃៗជាងគេបំផុត ដែលធ្លាប់បានផលិតឡើងរហូតមកទល់នឹងពេលនេះ ។
អ្នកមានចក្ខុវិស័យផ្នែកផលិតផលប្រណីតដូចជាលោក Hung បានមកជួបជាមួយនឹងក្រុមហ៊ុនរយន្ត Rolls-Royce ដោយដឹងថា សិប្បករ របស់ម៉ាកយីហោរថយន្តនេះ មិនទទួលយកអ្វីដែលលំៗនោះទេ ។ ការយកចិត្តទុកដាក់ និងការផ្ចិតផ្ចង់ គឺសម្រាប់ការបង្កើតលក្ខណៈពិសេសរបស់រថយន្ត ដោយក្នុងនោះ ផ្ទៃខាងក្រៅ ដែលបានចាំងរំលេចដោយកម្ទេចមាសដែលមានភាពសុទ្ធរហូតដល់ទៅ ២៣.៧៥ ការ៉ាត់ ជាទម្ងន់មួយ ដែលត្រូវបានជ្រើសរើស ដើម្បីធ្វើឲ្យល្បាយស្មើ និងសម្រេចបាននូវផ្ទៃសម្រេចដែលស្អាតឥតខ្ចោះ ។
នាយកផ្នែករចនាម៉ូតរបស់រថយន្ត Rolls-Royce លោក Giles Taylor បានឲ្យដឹងថា «រថយន្ត Rolls-Royce មួយគ្រឿងៗត្រូវបានច្នៃកុម្ម៉ង់ឡើងដើម្បីបង្ហាញពីរសជាតិ ចំណង់ចំណូលចិត្ត របៀបរបបរស់នៅរបស់អតិថិជន ហើយរថយន្តមួយ ជាតឹកតាងបង្ហាញពីជំនាញរបស់វិចិត្រករ ដែលបង្ហាញពីទឹកដៃរបស់ខ្លួនយ៉ាងអស្ចារ្យ នៅឯមជ្ឈមណ្ឌលប្រណីតភាពសកលរបស់យើង នៅឯក្រុង Goodwood ឲ្យបានឃើញថា ការរចនាម៉ូតបែបបច្ចេកទេសលំបាកទាំងនេះ ត្រូវបានអនុវត្តសម្រេចបានយ៉ាងល្អឥតខ្ចោះ» ។
មជ្ឈមណ្ឌលថ្នាំខាងក្រៅនៅឯ មជ្ឈមណ្ឌលប្រណីតភាពសកលរបស់រថយន្ត Rolls-Royce ក្នុងក្រុង Goodwood បានដំឡើងឧបករណ៍ថ្មី និងចំជំនាញ ដើម្បីធានាថា មិនឲ្យមានកំហុសខុសឆ្គងណាមួយកើតឡើងអំឡុងពេលបាញ់ថ្នាំរថយន្តទាំងពីរគ្រឿងនេះ។ ផ្ទៃខាងក្រៅលើរថយន្តទាំងពីរនេះ ប្រើថ្នាំច្រើនជាងរថយន្ត Phantoms ផ្សេងទៀតរហូតដល់ទៅ ២៥០% ដោយបង្កើតបានជាថ្នាំ ១០ ស្រទាប់យ៉ាងអស្ចារ្យ ដោយថ្នាំមួយស្រទាប់ៗ មានស្រទាប់មាសជម្រៅ ៤០មីក្រុង ដោយបូកផ្សំនឹងជាតិកែវ និងអាលុយមីញ៉ូមដើម្បីធ្វើឲ្យមានពន្លឺចាំងចែងទាក់ភ្នែក ។
អ្នកវិទ្យាសាស្ត្រខាងវត្ថុធាតុរបស់ក្រុហ៊ុនរថយន្ត Rolls-Royce លោក Nick Geehan បានលើកឡើងថា «មានតែនៅរោងចក្រ Rolls-Royce ប៉ុណ្ណោះ ដែលមានក្រុមការងារអនុវត្តលើគម្រោងដ៏មានមហិច្ឆិតាបែបនេះ ជំនួសមុខឲ្យអតិថិជនរបស់យើង ដោយទេវរូប Spirit of Ecstasy ជារូបដែលមានមោទនភាព នាំផ្លូវសម្រាប់គ្រប់រថយន្ត Rolls-Royce ទាំងអស់នោះ ត្រូវបានស្រោបមាសសុទ្ធកម្រិត ២៤ ការ៉ាត ហើយស្ថិតនៅលើប៉ាណាពណ៌មាស និងផ្ទាំងផ្លាកអក្សរ Rolls-Royce ដែលផលិតឡើងដោយប្រើមាសកម្រិត ១៨ ការ៉ាត ទម្ងន់ ៩៧,១ ក្រាមមុនពេលស្រោបដោយមាសកម្រិត២៤ការ៉ាត ដើម្បីឲ្យស៊ីគ្នាជាមួយនឹង ផ្ទៃខាងក្នុងសំខាន់ៗ ដែលមានពណ៌មាស ។ វ៉ែរនីថ្លា ត្រូវបានប្រើ ដើម្បីបង្កើតជារូបសញ្ញា RR ហើយត្រូវបានបំពាក់ជុំវិញដោយគ្រាប់ពេជ្រ៣៣៦ គ្រាប់ដែលដាំតម្រៀបគ្នាយ៉ាងស្រស់ស្អាតបំផុត ។
គួរបញ្ជាក់ថា រថយន្ដនេះ គ្រប់ផ្នែកនៃការរចនាទាំងអស់នៃរថយន្ដ Rolls-Royce Phantom ស្រោបមាស នឹងបង្ហាញរូបរាងអស្ចារ្យ ដែលទុកសម្រាប់ដឹកភ្ញៀវនៅសណ្ឋាគារ THE 13 គឺមានភាពល្អឥតខ្ចោះតែម្ដង៕