(សេណេហ្គាល់)៖ ប្រធានាធិបតីជាប់ឆ្នោតហ្គាំប៊ី លោក Adama Barrow បានឱ្យដឹងថា លោកនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ នៅឯស្ថានទូតហ្គាំប៊ី ប្រចាំទីក្រុងដាកា (Dakar) ប្រទេសសេណេហ្គាល់ នៅម៉ោង ៤៖០០នាទីរសៀល (ម៉ោងនៅក្នុង ប្រទេសសេណេហ្គាល់)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក Adama Barrow បានអំពាវនាវឱ្យសាធារណជនទូទៅចូលរួមនៅក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ខណៈប្រធានាធិបតីចាញ់ឆ្នោត លោក Yahya Jammeh ចង់លុបចោលលទ្ធផលបោះឆ្នោតដោយបញ្ជាក់ថា មានភាពមិនប្រក្រតីបានកើតឡើងនៅអំឡុងពេលបោះឆ្នោត។
ពាក់ព័ន្ធនឹងវិបត្តិនយោបាយនេះដែរ រដ្ឋាភិបាលសេណេហ្គាល់បានបញ្ជូនកងទ័ពរបស់ខ្លួនទៅ កាន់តំបន់ព្រំដែនជាប់ប្រទេសហ្គាំប៊ី ក្នុងគោលបំណងបង្ខំឱ្យប្រធានាធិបតីចាញ់ឆ្នោតលោក Yahya Jammeh ទទួលស្គាល់លទ្ធផលបោះឆ្នោត និងយល់ព្រមចុះចេញពីមុខតំណែងដោយខ្លួនឯង ហើយមិនតែប៉ុណ្ណោះថែមទំាងព្រមានដែរថា បើសិនមិនមានដំណោះស្រាយនយោបាយទេនោះ កងទ័ពសេណេហ្កាល់ នឹងឆ្លងកាត់ព្រំដែនចូលក្នុងទឹកដីប្រទេសហ្គាំប៊ី។
គួរបញ្ជាក់ថាប្រធានាធិបតីហ្គាំប៊ី លោក Yahya Jammeh គួរតែត្រូវចុះចេញពីដំណែង នៅថ្ងៃពុធម្សិលមិញ ហើយត្រូវប្រគល់ទៅឱ្យលោក Adama Barrow ដែលជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតកាលពីខែធ្នូ ឆ្នាំ២០១៦ និងកំពុងរស់នៅប្រទេសសេណេហ្គាល់ ក៏ប៉ុន្តែសភាបែរជាអនុញ្ញាតឱ្យលោក Jammeh អាចកាន់តំណែងជាប្រធានាធិបតីរយៈពេលបីខែបន្តទៀតទៅវិញ។
លោក Yahya Jammeh បានឡើងកាន់តំណែងជាប្រធានាធិបតីហ្គាំប៊ី ចាប់តាំងពីមានរដ្ឋប្រហារនៅឆ្នាំ១៩៩៤មក។ ចំណែកឯប្រជាជនហ្គាំប៊ីជាង ២៦,០០០នាក់ត្រូវបានគេរំពឹងថា អាចនឹងរត់ភៀសខ្លួនទៅកាន់ប្រទេសសេណេហ្គាល់ បើសិនជាអំពើហិង្សាផ្ទុះឡើង៕