(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នៅថ្ងៃនេះបានអំពាវឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ចូលរួមទប់ស្កាត់ក៏ដូចជាបញ្ឈប់រាល់ការរើសអើង និងការធ្វើទុក្ខបុកម្នេញលើជនជាតិដើមភាគតិចមូស្លីមរ៉ូហីងយ៉ា ហើយលោកក៏បានជំរុញផងដែរឱ្យបណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាមនៅលើពិភពលោកទាំងអស់ ធ្វើសកម្មភាពដើម្បីបញ្ចប់សោកនាដកម្មអមនុស្សធម៌ ដែលកំពុងកើតឡើងនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
ម៉ាឡេស៊ីបានចេញមុខប្រឆាំងយ៉ាងខ្លាំង ចំពោះការរើសអើងលើជនជាតិដើមភាគតិចមូស្លីមរ៉ូហីងយ៉ា នៅមីយ៉ាន់ម៉ា ជាពិសេសបន្ទាប់ពីកងកម្លាំងយោធាមីយ៉ាន់ បានធ្វើប្រតិបត្តិការបង្ក្រាបមួយកាលពីខែតុលា កន្លងទៅនៅភាគខាងជើងនៃរដ្ឋ Rakhine ស្ថិតនៅក្បែរប្រទេសបង់ក្លាដែស ដោយបានសម្លាប់មនុស្ស ៣៦នាក់ និងជាង ៦៦,០០០នាក់ផ្សេងទៀត បានភៀសខ្លួនចូលទៅក្នុងទឹកដីបង់ក្លាដែស។ ក៏ប៉ុន្តែនៅពេលនោះដែរយោធាមីយ៉ាន់ម៉ាបានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងក្រុមឧទ្ទាម ដែលបានសម្លាប់ប៉ូលិសមីយ៉ាន់ម៉ា ០៩នាក់។
ដោយឡែកថ្លែងនៅក្នុងជំនួបរៀបចំឡើងដោយ អង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម (OIC) សី្ដពីរ៉ូហីងយ៉ា លោក ណាជីប រ៉ាហ្សាក់ បានលើកឡើងថា «ការសម្លាប់, អំពើហិង្សាលើស្រី្ត និងកុមារត្រូវតែបញ្ឈប់ (...) អ្នកប្រហែលជាគិតថា ការធ្វើទុកបុកម្នេញលើពួកគេ (រ៉ូហីងយ៉ា) ជារឿងធម្មតាពីព្រោះពួកគេជាជនមូស្លីម ហើយការយល់ ឬធ្វើបែបនេះក៏គួរតែត្រូវបញ្ឈប់ដែរ»។
គួរបញ្ជាក់ថានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានអំពាវនាវផងដែរឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ចូលរួមទប់ស្កាត់ក៏ដូចជាបញ្ឈប់រាល់ការរើសអើង និងការធ្វើទុក្ខបុកម្នេញលើជនជាតិដើមភាគតិច មូស្លីមរ៉ូហីងយ៉ាជាបន្ទាន់៕