ខ្លោចផ្សាបំផុត! ក្មេងសិស្សសាលាតូចៗចំនួន ២៤នាក់ស្លាប់ បន្ទាប់ពីរថយន្តក្រុងដែលពួកគេជិះ បុកនឹងរថយន្តដឹកទំនិញ នៅភាគខាងជើងឥណ្ឌា
19-01-2017 16:19
(ឥណ្ឌា)៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្មេងៗសិស្សសាលាយ៉ាងហោចណាស់២៤នាក់ (អាយុ ៣-១២ឆ្នាំ) បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសបន្ទាប់ពីរថយន្ដក្រុងរបស់ពួកគេ បានបុកគ្នាពេញមួយទំហឹងជាមួយរថយន្ដដឹកទំនិញមួយគ្រឿង នៅឯរដ្ឋ Uttar Pradesh ស្ថិតនៅភាគខាងជើង ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
យោងតាមមេបញ្ជាការប៉ូលិសនៃរដ្ឋ Uttar Pradesh លោក Javed Ahmad គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅក្នុងតំបន់ Aliganji នៃស្រុក Etah ស្ថិតនៅចំងាយប្រហែល ២៣៤គីឡូម៉ែត្រពីទីក្រុង Lucknow ដែលជារដ្ឋធានីនៃរដ្ឋ Uttar Pradesh។ លោក Javed Ahmad បានបញ្ជាក់ដូច្នេះថា «គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅថ្ងៃនេះនៅក្នុងតំបន់ Aliganji នៃស្រុក Etah បានបណ្ដាលឱ្យសិស្សសាលា ២៥នាក់បាត់បង់ជីវិត ខណៈសិស្សសាលាជាច្រើននាក់ទៀត ដែលបានរងរបួសត្រូវបានប្រជាជន និងក្រុមអ្នកជួយសង្រ្គោះទាញចេញពីរថយន្ដក្រុង និងបញ្ជូនទៅកាន់មន្ទីពេទ្យ»។
គួរបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសឥណ្ឌា តែងតែកើតឡើងជាញឹកញាប់ដោយសារតែកត្តាដឹកលើសចំណុះកត្តាផ្លូវថ្នល់ និងការធ្វេប្រហែសក្នុងការបើកបរ។ ចំណែកឯអាជ្ញាធរឥណ្ឌាបាននិយាយថា នឹងបើកការស៊ើបអង្កេតលើគ្រោះថ្នាក់ចរាចរណ៍នេះ៕