(តេហេរ៉ង់)៖ អគារខ្ពស់មួយខ្នងនៅក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ បានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រហូតឈានដល់ការរលំទាំងស្រុងតែម្តងនារសៀលថ្ងៃដដែលនេះ ខណៈមនុស្សយ៉ាងហោចចំនួន៣៨នាក់ត្រូវបានគេបញ្ជាក់ឲ្យដឹងថារបួស។ នេះបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដែលដកស្រង់ដោយសារព័ត៌មាន Daily Mail នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
គេពុំបានដឹងជាក់ច្បាស់នៅឡើយទេថា តើមាននរណាម្នាក់បានទទួលរងរបួស ឬក៏បាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់បាត់ស្រុតអគារពាណិជ្ជកម្មឈ្មោះថា Plasco មានកម្ពស់១៧ជាន់ និងស្ថិតក្នុងចំណោមអគារខ្ពស់ដំបូងគេ ដែលត្រូវបានសាងសង់ឡើងនៅក្នុងទីក្រុងតេហេរ៉ង់ ប៉ុន្តែនៅពេលមុនហេតុការណ៍ដួលរលំបានកើតឡើង អាជ្ញាធរអ៊ីរ៉ង់បានអះអាងថា មនុស្សយ៉ាងតិចចំនួន៣៨នាក់បានទទួលរងរបួសស្នាមដោយសារតែអណ្តាតភ្លើង នៅក្នុងអគារដែលឆាបឆេះនាវេលាព្រឹកនោះ។
គួរបញ្ជាក់ថា ខណៈពេលនេះកម្លាំងប៉ូលិសបានធ្វើការបិទផ្លូវនានាជុំវិញកន្លែងកើតហេតុ ហើយអ្នកនាំពាក្យនាយកដ្ឋានពន្លត់អគ្គិភ័យជាតិលោក Jalal Maleki បានប្រាប់ស្ថានីយ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា ស្ថានីយ៍ពន្លត់អគ្គិភ័យចំនួន១០កន្លែង និងភ្នាក់ងារពន្លត់អគ្គិភ័យជាច្រើននាក់បានចូលរួមពន្លត់អគ្គីភ័យដ៏សន្ធោសន្ធៅខាងលើនេះ ដែលត្រូវបានរាយការណ៍ថា បានកើតឡើងនៅម៉ោងប្រហែលជា ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ៕