(ហាណូយ)៖ ការតវ៉ាប្រឆាំងចិន ដើម្បីរំលឹកដល់ប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ចិនមកលើដែនកោះរបស់វៀតណាមកាលពីឆ្នាំ១៩៧៤ នោះត្រូវបានរៀបចំឡើង នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែវាត្រូវបានបង្ក្រាបទៅវិញដោយកម្លាំងប៉ូលិស និងក្រោយមកទៀតក៏មានការចាប់ខ្លួនសកម្មជនមួយចំនួន ព្រមទាំងការបំបែកក្រុមអ្នកកាសែតផងដែរ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ក្រុមបាតុកម្មដែលមានគ្នាសរុបជាង ១០០នាក់ បានប្រមូលផ្តុំគ្នានៅភាគកណ្តាលទីក្រុងហាណូយ ដើម្បីរំលឹកខួបទី៤៣ឆ្នាំនៃការដែលខ្លួនអះអាងថា ចិនបានឈ្លានពានយកប្រជុំកោះ «ផារ៉ាសែល» នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលត្រូវបានប្រទេសទាំងពីរអះអាងកម្មសិទ្ធិរហូតមកដល់បច្ចុប្បន្ននេះ ប៉ុន្តែវានៅតែបន្តស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិននៅឡើយ។
វាជារឿងកម្របំផុតដែលប្រជាជនវៀតណាម ធ្វើការតវ៉ាណាមួយនៅក្នុងប្រទេសបែបនេះ លើកលែងតែជាការតវ៉ាប្រឆាំងនឹងប្រទេសចិន ដែលធ្លាប់កើតមានឡើង ជារឿយៗ។ មិនមានព័ត៌មានណាមួយបញ្ជាក់អំពីថា តើសមត្ថកិច្ចវៀតណាម នឹងដោះស្រាយបែបណាចំពោះសកម្មជន ដែលត្រូវបានចាប់ខ្លួននោះឡើយ៕