(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសល់តែមួយថ្ងៃទៀតផុតអាណត្តិរបស់អាមេរិក លោកបារ៉ាក់ អូបាម៉ា បាននិយាយថា ការបន្ធូរបន្ថយទោសដល់អតីតកងទ័ពអាមេរិកឈ្មោះ Chelsea Manning ដែលកំពុងជាប់ពន្ធនាគារពីបទផ្ដល់ឯកសារសម្ងាត់រដ្ឋទៅឱ្យគេហទំព័រ Wikileaks គឺជារឿងយុត្តិធម៌ ប៉ុន្តែមិនមែនមានន័យថាវាជាការលើកទឹកចិត្តដល់សកម្មភាពចូលលួច ឬទម្លាយព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលអាមេរិកនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាលើកចុងក្រោយ ក្នុងនាមជាប្រធានាធិបតីអាមេរិក នៅល្ងាចថ្ងៃពុធ លោក អូបាម៉ា បាននិយាយថា ការបន្ធូរបន្ថយទោសឱ្យ Manning ពីទោសជាប់ពន្ធនាគារ ៣៥ឆ្នាំមកនៅត្រឹម ០៧ឆ្នាំ គឺជារឿងយុត្តិធម៌ ពីព្រោះរូបគេត្រូវបានកាត់ទៅដោយតុលាការ និងហ៊ានទទួលខុសត្រូវចំពោះបទឧក្រិដ្ឋដែលខ្លួនបានប្រពឹ្រត្ត។
លោក អូបាម៉ា លើកឡើងដូច្នេះថា «ខ្ញុំមិនមានបញ្ហានោះទេក្នុងការនិយាយថា យុត្តិធម៌ត្រូវបានប្រគល់ត្រឡប់មកវិញ ត្បិតការបន្ធូរបន្ថយទោសឱ្យ Manning គឺរឿងត្រឹមត្រូវពីព្រោះនាង (ឬលោក) ត្រូវបានតុលាការកាត់ទោស (...) ហើយថែមទាំងព្រមទទួលស្គាល់ទោសឧក្រិដ្ឋ ដែលខ្លួនបានប្រព្រឹត្តទៀតផង ខណៈទោសដែលនាងបានទទួលមិនមានភាពសមាមាត្រ បើធៀបទៅនឹងអ្នកទម្លាយឯកសារសម្ងាត់របស់រដ្ឋផ្សេងទៀត ក៏ប៉ុន្តែខ្ញុំបញ្ជាក់ឡើងវិញថា Manning ត្រូវបានបន្ធូរបន្ថយទោស មិនមែនលុបចោលទោសទាំងស្រុងនោះទេ»។
គួរបញ្ជាក់ថាកាលពីថ្ងៃអង្គារកន្លងទៅ លោក បារ៉ាក់ អូបាម៉ា បានសម្រេចចិត្តបន្ធូរបន្ថយទោសដល់អតីតកងទ័ពអាមេរិកម្នាក់ឈ្មោះ Chelsea Manning ពីទោសជាប់ពន្ធនាគារ ៣៥ឆ្នាំមកនៅត្រឹម ០៧ឆ្នាំ ហើយដែលអាចនឹងត្រូវដោះលែងឱ្យមានសេរីភាព នៅថ្ងៃទី១៧ ខែឧសភា ខាងមុខនេះ។ Chelsea Manning មានឈ្មោះដើម Bradley Manning ត្រូវបានតុលាការអាមេរិកផ្ដន្ទាទោសកាលពីខែសីហា ឆ្នាំ២០១៣ ឱ្យជាប់ពន្ធនាគារ ៣៥ឆ្នាំពីបទបញ្ជូនឯកសារសម្ងាត់ជាង ៧០០,០០០ទំរង់ឱ្យទៅគេហទំព័រ Wikileaks ក្នុងនោះមានទាំងឯកសារនិយាយពី ការរំលោភបំពានរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់ជាដើម៕