(ស្វីស)៖ នៅថ្ងៃព្រហស្បតិ៍នេះប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងសុន្ទរកថាមួយដែលបង្ហាញឲ្យឃើញថាប្រទេសចិនជាមេដឹកនាំនៃសកលលោក ដែលជាទីកន្លែងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការសម្រួលដោះស្រាយបញ្ហាធំៗបាន ហើយលោកបានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងកសាងទំនាក់ទំនងថ្មីជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
ថ្លែងក្នុងទីស្នាក់ការយូអិន (UN) នៅឯទីក្រុងហ្សឺណែវប្រទេសស្វីស លោក ស៊ី ជីនពីង បានអំពាវនាវដល់ពិភពលោកទាំងមូលឲ្យរួមសាមគ្គីគ្នាលើអ្វីៗទាំងអស់ ដែលរាប់ចាប់តាំងពី ការការពារបរិស្ថានរហូតដល់ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ លោកប្រធានាធិបតីចិនបានលើកឡើងថា «យើងនឹងចាប់ផ្តើមបង្កើតមិត្តនៅទូទាំងពិភពលោក ហើយយើងនឹងព្យាយាមកសាងទំនាក់ទំនងថ្មីមួយជាមួយសហរដ្ឋអាមេរិក»។
ជាមួយគ្នានោះដែរលោក ស៊ី បានស្នើឲ្យបណ្តាប្រទេសនានាប្រឆាំងក៏ដូចជាជំទាស់ដាច់ខាតចំពោះរបបគាំពារនិយម (ទង្វើនៃការធ្វើអ្វីៗដើម្បីតែផលប្រយោជន៍ខ្លួនឯង និងការមិនយកផលប្រយោជន៍រួមជាគោល) ក្រោមហេតុផលថាវានឹងមិនផ្តល់ផលចំណេញដល់នរណាម្នាក់ឡើយ និងបានបន្តថា ប្រទេសធំៗគួរប្រព្រឹត្តដាក់ប្រទេសដែលតូចជាងខ្លួនដោយស្មើភាព ជាជាងការប្រកាន់ចរិតជាបងធំដែលដើរបញ្ជាអ្នកដទៃឲ្យធ្វើតាមការចង់បានរបស់ខ្លួន»។
ជាចុងក្រោយនៅក្នុងឱកាសនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងទៅកាន់លោក ស៊ី ជីនពីង ថាវាពិតជារឿងដ៏ល្អមួយដែលបានឃើញប្រទេសចិនវិលមកបន្តភាពជាមេដឹកដ៏ច្បាស់លាស់មួយបែបនេះ នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន៕