(វ៉ាស៊ីនតោន)៖ បេក្ខភាពដែលនឹងក្លាយជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំអង្គការសហប្រជាជាតិ (UN) បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោនមិនអាចបន្ធូរបន្ថយដៃទៅលើការពង្រឹងអានុភាពនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានឡើយ និងបានប្តេជ្ញាយ៉ាងមុតមាំថា នឹងធ្វើយ៉ាងណាដាក់សម្ពាធឲ្យកាន់តែធ្ងន់បន្ថែមទៀត ទៅលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងព្រឹទ្ធសភាអាមេរិកលោកស្រី Nikki Haley បានធ្វើការសង្កត់ធ្ងន់ថា «កូរ៉េខាងជើងគឺជាប្រទេសមួយ ដែលចាំបាច់ត្រូវតែស្ថិតក្រោមការឃ្លាំមើលឲ្យបានដិតដល់ជាទីបំផុត ហើយខ្ញុំគិតថា ពួកយើងនឹងត្រូវតែធ្វើការសហការដោយជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីបង្ហាញពីការគំរាមកំហែងពីអ្វីកំពុងតែកើតមានឡើង។ យើងពុំអាចបន្ថយដៃទៅលើប្រទេសកូរ៉េខាងជើងនោះឡើយ ព្រោះថាអ្វីដែលពួកយើងកំពុងមើលឃើញផ្ទាល់នឹងភ្នែកនាពេលនេះ គឺជាការផលិតអាវុធនុយក្លេអ៊ែរ»។
បេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN រូបនេះបានបន្តទៀតដោយសំដៅលើប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងថា «លោក គីម ជុងអ៊ុន មិនខ្វល់ពីអ្វីនោះឡើយ ហើយលោកនឹងនៅតែបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ។ យើងចាំបាច់ត្រូវតែបន្តធ្វើយ៉ាងណាដើម្បីធានាថា យើងកំពុងបង្ហាញពីគោលជំហរយ៉ាងច្បាស់លាស់ចំពោះកូរ៉េខាងជើង, ហើយយើងនឹងបន្តដាក់សម្ពាធទៅលើចិន និងប្រទេសផ្សេងៗទៀត ដើម្បីធានាថាកូរ៉េខាងជើងពិតជាបន្ថយល្បឿន»។
គួរបញ្ជាក់នៅក្នុងឱកាសនោះថា លោកស្រី Nikki បានធ្វើការគូសបញ្ជាក់ជាច្រើនដងអំពីសារៈសំខាន់នៃការសហការគ្នាជាមួយប្រទេសចិន ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង ហើយលោកស្រីបានលើកឡើងថានឹងព្យាយាមបញ្ចុះបញ្ចូលទីក្រុងប៉េកាំង ឲ្យធ្វើការរួមដៃគ្នាជាមួយទីក្រុងវ៉ាស៊ីនតោនដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង ដែលវាក៏អាចនឹងជួយដល់ផលប្រយោជន៍ជាតិរបស់ចិនផងដែរ៕