(ប៉ារីស)៖ តុលាការនៅក្នុងសហគមន៍ Saint-Brieuc នៃតំបន់ Breton ស្ថិតនៅភាគពាយ័ព្យប្រទេសបារាំង បានសម្រេចចិត្តផ្តន្ទាទោសយុវជនម្នាក់អាយុ ១៨ឆ្នាំ ឱ្យជាប់ពន្ធនាគារ០៣ខែ ជាមួយនឹងការព្យួរទោស ព្រមទំាងតម្រូវឱ្យធ្វើការងារដើម្បីផលប្រយោជន៍សហគមន៍ រយៈពេល ១០៥ម៉ោង ពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនា ហើយដែលការសម្រេចចិត្តបែបនេះ ធ្វើឡើងបន្ទាប់ពីយុវជនរូបនេះ បានស្ទុះទៅទះកំផ្លៀងអតីតនាយករដ្ឋមន្ត្រីបារាំង លោក ម៉ានុយ អែល វ៉ាល់(Manuel Valls) កាលពីថ្ងៃអង្គារកន្លងទៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
ហេតុការណ៍ខាងលើបានកើតឡើង នៅអំឡុងពេលលោក ម៉ានុយអ៊ែល វ៉ាល់ ដែលបច្ចុប្បន្នជាបេក្ខភាពប្រធានាធិបតីបារាំង កំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងតំបន់ Breton កាលពីថ្ងៃទី១៧ ខែមករា កន្លងទៅហើយបើយោងតាមរូបភាពវីដេអូ ដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម នៅពេលអតីតនាយករដ្ឋមន្ត្រីបារាំងរូបនេះ កំពុងចាប់ដៃស្វាមគន៍ប្រជាជននៅខាងមុខសាលាក្រុង Lamballe ស្រាប់តែយុវជនម្នាក់បានស្ទុះមកទះលោកមួយកំផ្លៀង មុននឹងរូបគេត្រូវបានអង្គរក្សចាប់ផ្ដួលទៅលើដី។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយបារាំង យុវជនខាងលើមានអាយុ ១៨ឆ្នាំ (ពុំមានបញ្ជាក់ឈ្មោះ) ត្រូវបានគេជឿជាក់ថាគឺជាសមាជិកនៃក្រុមចលនាស្ដាំនិយមមួយ នៅក្នុងតំបន់ Breton ហើយរូបគេក៏ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តអំពើហិង្សានៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ យូរ៉ូ កាលពីឆ្នាំ២០១៦ផងដែរ។ ម្យ៉ាងវិញទៀតមុននឹងស្ទុះទៅទះកំផ្លៀង លោក ម៉ានុយអ៊ែល វ៉ាល់ យុវជនរូបនេះបានស្រែកថា «ទីនេះគឺជាទឹកដី Breton!»៕