(សេអ៊ូល)៖ ប្រភពពីទីភ្នាក់ងារសម្ងាត់របស់កូរ៉េខាងត្បូងបានទម្លាយឲ្យដឹងថា ប្រទេសកូរ៉េខាងជើងអាចនឹងធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងប្រភេទថ្មី ICBM ក្នុងពេលឆាប់ៗខាងមុខនេះហើយ ខណៈដែលក្រសួងការពារជាតិកូរ៉េខាងត្បូង ក៏កំពុងប្រុងជើងការកម្រិតខ្ពស់ ជុំវិញរឿងរ៉ាវដ៏គ្រោះថ្នាក់នេះដែរ។ នេះបើតាមការដកស្រង់ការផ្សាយពី Reuters ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
រំលឹកកាលពីការថ្លែងសុន្ទរកថាស្វាគមន៍ឆ្នាំថ្មី ពីសំណាក់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋរបស់ខ្លួននោះ មេដឹកនាំវ័យក្មេងរូបនេះបានបញ្ជាក់រួចទៅហើយថា ទីក្រុងព្យុងយ៉ាងកំពុងខិតកាន់តែកៀកមែនទែនហើយ ក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោង ICBM ហើយថែមទាំងបានសង្កត់ធ្ងន់ទៀតថា «វាអាចនឹងត្រូវធ្វើឡើងនៅគ្រប់ពេលវេលាទាំងអស់» ទៀតផង។
គួរបញ្ជាក់ថាទាំងអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក បានទទួលស្គាល់រួចទៅហើយចំពោះសមត្ថភាពផលិតគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង និងអំណាចនៃការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ថាពិតជាមានឥទ្ធិពលមិនធ្លាប់មានពីមុនមកមែន ហើយវាក៏ជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ជាពិសេសប្រទេសសម្ព័ន្ធមិត្តអាមេរិក ដូចជាកូរ៉េខាងត្បូង និងជប៉ុនផងដែរ។
សារព័ត៌មានកូរ៉េខាងត្បូងបានចេញផ្សាយទៀតថា ការធ្វើតេស្តខាងលើនេះ អាចនឹងកើតឡើងនៅចំថ្ងៃដែលលោក ដូណាល់ ត្រាំ ស្បថឡើងកាន់តំណែងប្រធានាធិបតីអាមេរិកជាផ្លូវការ នៅថ្ងៃទី២០ ខែមករា (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) ត្រូវនឹងព្រឹកថ្ងៃទី២១ ខែមករា (ពេលវេលានៅអាស៊ីបូព៌ា និងអាគ្នេយ៍)៕