(រ៉ូម)៖ ប្រជាជនអ៊ីតាលីត្រូវបានណែនាំឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចព្រោះអ្នកជំនាញជាច្រើនបានបញ្ជាក់ថា គ្រោះរញ្ជួយដីបន្ថែមទៀតមិនមែនជារឿងពុំអាចទៅរួចនោះឡើយ បន្ទាប់ពីតំបន់ភាគកណ្តាលប្រទេសអ៊ីតាលីនាថ្ងៃពុធម្សិលមិញនេះ បានទទួលរងការរញ្ជួយខ្លាំងគួរសមបន្តបន្ទាប់គ្នា ដែលបានធ្វើឲ្យសំណង់ជាច្រើនរងការខូចខាត និងបង្ខំឲ្យប្រព័ន្ធគមនាគមន៍នៅក្នុងតំបន់ផ្អាកដំណើរការ ព្រមទាំងបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅឋាន សាលារៀន និងកន្លែងធ្វើការរបស់ពួកគេជាប្រញាប់ប្រញាល់ទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
ការរញ្ជួយផែនដីកាលពីថ្ងៃម្សិលមិញនេះបានកើតឡើងក្បែរក្រុង Amatrice ដល់ទៅជាង ១០ដងជាមួយកំរិតចន្លោះពី ៥.០ ទៅ៥.៧រ៉ិចទ័រ ដែលមានសមត្ថភាពខ្លាំងគ្រប់គ្រាន់ក្នុងការបំផ្លិចបំផ្លាញអគារ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ប៉ុន្តែព្រឹត្តិការណ៍លើកនេះមានឥទ្ធិពលខ្សោយឆ្ងាយជាងគ្រោះរញ្ជួយដីកាលពីខែសីហា និងតុលា ឆ្នាំ២០១៦កន្លងទៅ ហើយវាពុំបានបណ្តាលឲ្យមានមនុស្សរងរបួស ឬមួយក៏បាត់បង់ជីវិតនោះឡើយ។
យោងតាមលោក Paolo Spagna ដែលមានចំណេះដឹងខ្ពស់ក្នុងផ្នែកនេះ និងអ្នកជំនាញជាច្រើនទៀត គ្រោះរញ្ជួយដីទាំងបីលើកខាងលើមានជាប់ពាក់ព័ន្ធជាមួយគ្នា ដោយលោកបានលើកឡើងថា «មានថាមពលដែលបង្កើនឥទ្ធិពលឡើង ហើយបង្កជាគ្រោះរញ្ជួយផែនដី ប៉ុន្តែបើសិនជាគ្រោះរញ្ជួយដីនោះពុំអាចរំសាយថាមពលនោះបានទេ វានឹងនៅតែបន្តចាប់ផ្តើមបង្កើនឥទ្ធិពលសាជាថ្មីម្តងទៀត ហើយនៅពេលនោះ អ្នកនឹងរងគ្រោះដោយសារការរញ្ជួយដីថ្មីផ្សេងទៀត»។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកាលពីខែតុលាបានវាយប្រហារចំតំបន់ក្បែរទីក្រុង Perugia ជាមួយនិងកំរិត៦.៥រ៉ិចទ័រ និងបានសម្លាប់មនុស្សបីនាក់ ខណៈគ្រោះរញ្ជួយដីកាលពីខែសីហា ជាមួយនិងកំរិត ៦.២រ៉ិចទ័របានកើតឡើងនៅក្បែរក្រុង Amatrice ដដែលបានផ្តាច់ជីវិតមនុស្សជិត ៣០០នាក់៕