(សេណេហ្គាល់)៖ រដ្ឋាភិបាលសេណេហ្គាល់ បានបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់តំបន់ព្រំដែនជាប់ប្រទេសហ្គាំប៊ី ក្នុងគោលបំណងបង្ខំឱ្យប្រធានាធិបតីចាញ់ឆ្នោតលោក Yahya Jammeh ទទួលស្គាល់លទ្ធផលបោះឆ្នោត និងយល់ព្រមចុះចេញពីមុខតំណែងដោយខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។
សេណេហ្គាល់ គឺជាអ្នកដឹកនាំប្រតិបត្តិការចល័តទ័ពនេះ ដោយមានការគំាទ្រពីសំណាក់ប្រទេសនីហ្សេរីយ៉ា និងបណ្ដារដ្ឋដ៏ទៃទៀតនៅក្នុងតំបន់។ ប្រធានាធិបតីហ្គាំប៊ី លោក Yahya Jammeh គួរតែត្រូវចុះចេញពីដំណែង នៅថ្ងៃពុធម្សិលមិញ ហើយត្រូវប្រគល់ទៅឱ្យលោក Adama Barrow ដែលជាអ្នកឈ្នះនៅក្នុងការបោះឆ្នោត កាលពីខែធ្នូ ឆ្នាំ២០១៦ និងកំពុងរស់នៅប្រទេសសេណេហ្គាល់ ក៏ប៉ុន្តែសភាបែរជាអនុញ្ញាតឱ្យលោក Jammeh អាចកាន់តំណែងជាប្រធានាធិបតី រយៈពេលបីខែបន្តទៀតទៅវិញ។
ដោយឡែកជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យប្រធានាធិបតីនីហ្សេរីយ៉ា បានបញ្ជាក់ថា លោក Adama Barrow បានត្រៀមខ្លួនរួចហើយ ដើម្បីចូលស្បថកាន់តំណែង ក្នុងនាមជាប្រធានាធិបតីនៅលើទឹកដីហ្គាំប៊ី នៅថ្ងៃព្រហស្បតិ៍នេះ ខណៈសេណេហ្គាល់ ក៏បានដាក់ឱសានវាទថា បើសិនជាលោក Yahya Jammeh មិនចុះចេញពី តំណែង នោះកងទ័ពសេណេហ្គាល់ នឹងឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសហ្គាំប៊ី។
«យើងបានត្រៀមរួចជាស្រេច នៅក្នុងករណីគ្មានដំណោះស្រាយនយោបាយណាមួយទេនោះ យើងនឹងឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីហ្គាំប៊ី នៅពាក់កណ្ដាល យប់ថ្ងៃពុធ (ម៉ោងនៅក្នុងតំបន់)»។ នេះបើតាមអ្នកនាំពាក្យកងទ័ពសេណេហ្គាល់ លោក Abdou Ndiaye។
គួរបញ្ជាក់ថា លោក Yahya Jammeh បានឡើងកាន់តំណែងជាប្រធានាធិបតីហ្គាប៊ី ចាប់តាំងពីមានរដ្ឋប្រហារនៅឆ្នាំ១៩៩៤មក។ ចំណែកឯប្រជាជនហ្គាំប៊ីជាង ២៦,០០០នាក់ ត្រូវបានគេរំពឹងថា អាចនឹងរត់ភៀសខ្លួនទៅកាន់ប្រទេសសេណេហ្គាល់ បើសិនជាអំពើហិង្សាផ្ទុះឡើង៕