(ស្វីស)៖ អនុប្រធានាធិបតីអាមេរិកផុតអណ្តតិ លោក Joe Biden បានថ្លែងសុន្ទរកថាដ៏រសើបមួយនៅថ្ងៃពុធនេះ ដោយលោកបានពិព័ណ៌នាប្រទេសរុស្ស៊ីថាជា ការគំរាមកំហែងដ៏ធំដល់សេរីភាព និងសណ្ដាប់ធ្នាប់អន្តរជាតិ ដែលចាំបាច់ណាស់ទីក្រុងវ៉ាស៊ីនតោន និងអឺរ៉ុប ត្រូវតែធ្វើការងាររួមគ្នាទប់ទល់ជាមួយលោក វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសុន្ទរកថា នៃឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស ២ថ្ងៃមុនពេលនឹងលោកដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជា ផ្លូវការ លោក Joe Biden បានគូសបញ្ជាក់ចំៗថា «ក្រោមការដឹកនាំរបស់លោក ពូទីន រុស្ស៊ីបានប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន តាមរយៈការ ធ្វើតេស្ដនយោបាយរបស់ប្រទេសលោកខាងលិចមួយចំនួន។ ជាងនេះទៅទៀត ខណៈបណ្ដាប្រទេសអឺរ៉ុបមួយចំនួន កំពុងត្រៀមរៀបចំការ បោះឆ្នោតនៅក្នុង ឆ្នាំ២០១៧នេះ ខ្ញុំហ៊ានសន្យាថា រុស្ស៊ីអាចនឹងព្យាយាមលូកដៃជ្រៀតជ្រែកចូលក្នុងដំណើរការបោះឆ្នោតប្រជាប្រធិបតេយ្យ ហើយជាថ្មីម្ដងទៀតវាច្បាស់ថាទង្វើ បែបនេះគឺជាការគំរាមកំហែងដ៏ធំដល់សេរីភាព និងសណ្ដាប់ធ្នាប់អន្តរជាតិ»។
គួរបញ្ជាក់ថា លោក Joe Biden ក៏បានរំលឹកឡើងវិញផងដែរ ពីមាត្រាទី៥ នៃសន្ធិសញ្ញាអង្គការណាតូ ដែលបានចែងថា ការវាយប្រហារណាមួយប្រឆាំងនឹងសមាជិក នៃអង្គការណាតូ ត្រូវបានចាត់ទុកថាជាការវាយប្រហារមកលើអង្គការនេះទាំងមូលតែម្ដង៕