(រ៉ូម)៖ ប្រធានាធិបតីអ៉ីតាលី លោក Sergio Mattarella បានចាត់ទុកថា គ្រោះរញ្ជួយដីដែលបានវាយប្រហារលើតំបន់ Marche នៅថ្ងៃពុធនេះ គឺជាគ្រោះមហន្តរាយ មួយ ហើយលោកក៏បានអំពាវនាវឱ្យមានការផ្ដល់ជំនួយជាបន្ទាន់ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ ២០១៧។
យោងតាម BBC គ្រោះធម្មជាតិរញ្ជួយផែនដីកំរិត ៥.៤រ៉ិចទ័រ បានវាយប្រហារចំទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី ហើយការញ័ររញ្ជួយកំរិតបង្គួរនេះបានជះឥទ្ធិពលដល់តំបន់មួយចំនួនទៀតរួមមាន Lazio, Abruzzo, និង Marche ផងដែរ។ គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅវេលាម៉ោងប្រមាណជា ១០៖២៥នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅក្នុងទីក្រុងរ៉ូម) ស្ថិតនៅចម្ងាយ១១១គីឡូម៉ែត្រភាគឦសានទីក្រុងរ៉ូម ជាមួយនឹងជម្រៅដ៏រាក់គឺត្រឹម១០គីឡូម៉ែត្រនៅក្រោមផ្ទៃដីតែប៉ុណ្ណោះ។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មនុស្សយ៉ាងហោចណាស់៣០០នាក់ បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដីកំរិត៦.០រ៉ិចទ័រ បានវាយប្រហារលើតំបន់ Pitignano និង Montereale ស្ថិតចំងាយប្រមាណជា២០គីឡូម៉ែត្រ ពីភាគខាងត្បូងតំបន់ Amatrice៕