(ពិភពលោក)៖ អង្គការភូមិសាស្ត្រពិភពលោក នៅថ្ងៃពុធនេះបានប្រកាសថា ឆ្នាំ២០១៦ គឺជាឆ្នាំដែលមានកម្តៅក្តៅជាងគេបំផុត នៅក្នុងកំណត់ត្រា មិនធ្លាប់មានពីមុនមក ដោយវាលើសពីកម្តៅឆ្នាំ២០១៤ និង២០១៥ គិតចាប់តាំងពីមានការធ្វើកំណត់ត្រា នៅក្នុងឆ្នាំ១៨៨០។ នេះបើតាមអង្គការភូមិសាស្ត្រ ពិភពលោក (World Meteorological Organization) ចុះផ្សាយនាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ។
អង្គការ National Oceanic and Atmospheric Administration (NOAA) បានប្រកាសថា នៅអំឡុងចម្លោះពីខែមករា ដល់ខែវិច្ចិកា ឆ្នាំ២០១៦ គឺជាពេលវេលាក្តៅជាងគេបំផុត នៅក្នុងកំណត់ត្រា។ «សីតុណ្ហភាពពិភពលោក មានមធ្យមភាព៥៨.៦៩អង្សា»។ នេះបើតាមសារព័ត៌មាន USA Today ចេញផ្សាយឲ្យដឹងយ៉ាងដូច្នេះ។
អង្គការ NOAA និង NASA របស់សហរដ្ឋអាមេរិក បានប្រកាសដូចគ្នានេះផងដែរ ថាឆ្នាំ២០១៦ ជាឆ្នាំក្តៅជាងគេបំផុត នៅក្នុងកំណត់ត្រា ដោយការប្រកាសនេះធ្វើឡើង០២ថ្ងៃ មុនពិធីឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកជាផ្លូវការ របស់លោក Donald Trump ដែលបានច្រានចោល ក្នុងការដោះស្រាយលើបញ្ហា នៃការប្រែប្រួលអាកាសធាតុ៕