(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃពុធនេះ ហាក់ដូចជាបានបង្ហាញពីចេតនាមិនប្រកាសប្រើច្បាប់អាជ្ញាសឹក ក៏ប៉ុន្តែព្រមពេលជាមួយ លោកបាននិយាយថា អាចនឹងប្រើច្បាប់អាជ្ញាសឹក បើសិនជាលោកចង់ ដោយថែមទាំងក្រើនរំលឹក អ្នកដែលចង់លូកដៃក្នុងកិច្ចការនេះ ឱ្យបិទមាត់ ហើយនៅស្ងៀម ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោកឌូតើតេ ធ្វើឡើងដើម្បីជាឆ្លើយតបទៅនឹងការរិះគន់ ពីសំណាក់ក្រុមប្រឆាំង (មន្រ្តីសិទ្ធិមនុស្ស) ដែលបានចាត់ទុកថាការថ្លែងសាររបស់លោក ជុំវិញការប្រកាសប្រើប្រាស់ច្បាប់អាជ្ញាសឹក គឺជារឿងគួរឱ្យអស់សំណើច និងមានចេតនាមិនគោរពតាមរដ្ឋធម្មនុញ្ញហ្វីលីពីនបច្ចុប្បន្ន។ លោកឌូតើតេ លើកឡើង នៅក្នុងសុន្ទរកថា ដូច្នេះថា៖«ខ្ញុំនឹងមិនប្រកាសឱ្យប្រើច្បាប់អាជ្ញាសឹកឡើយ ហើយបើសិនជាខ្ញុំធ្វើដូច្នោះ ខ្ញុំនឹងមិនធ្វើឱ្យវាមានសំលេងរំខាននោះទេ។ ម្យ៉ាងទៀត បើសិនជាអ្នកសួរថាអ្វីទៅជាមូលដ្ឋាន? អ្នក! កូនមីសំផឹង (Son of a bitch) វាមិនមិនមែនជារឿងរបស់អ្នកត្រូវខ្វល់ឡើយ បិទមាត់ ហើយនៅស្ងៀមទៅ ពីព្រោះ បច្ចុប្បន្នតើអ្នកដឹងទេថាអ្នកណាជាអ្នកសម្រេចចិត្ត? បើតុលាការកំពូលនិយាយថា «No» សភានិយាយថា «Yes» តើអ្នកណាជាអ្នកសម្រេចចិត្ត? គឺខ្ញុំប្រធានា ធិបតីហ្វីលីពីន។ សម្រាប់ខ្ញុំ បើទោះជាវាមិនអាចរកឃើញ ឬក៏សរសេរនៅក្នុងរដ្ឋធម្មនុញ្ញក៏ដោយ ក៏ប៉ុន្តែបើថ្ងៃណាមួយ ខ្ញុំមានអារម្មណ៍ថាជាប្រធាននាធិបតីដែល ត្រូវការពារប្រទេសរបស់ខ្ញុំ ខ្ញុំនឹងប្រើច្បាប់អាជ្ញាសឹក»។
គួរបញ្ជាក់ថា ជាទូទៅ ការប្រកាសឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹក នៅក្នុងប្រទេសកាន់របបប្រជាធិបតេយ្យ ធ្វើឡើងនៅក្នុងករណីមានការឈ្លានពាន ឬចលនាបះបោរ ណាមួយនៅក្នុងប្រទេស ដែលសន្តិសុខសាធារណៈតម្រូវជាចាំបាច់តែប៉ុណ្ណោះ៕