(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា បានសម្រេចចិត្តបន្ធូរបន្ថយទោសដល់អតីតកងទ័ពអាមេរិកម្នាក់ឈ្មោះ Chelsea Manning ពីទោសជាប់ពន្ធនាគារ ៣៥ឆ្នាំ មកនៅត្រឹម០៧ឆ្នាំ ហើយដែលអាចនឹងត្រូវដោះលែងឱ្យមានសេរីភាពនៅថ្ងៃទី១៧ ខែឧសភា ខាងមុខនេះ ក៏ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះគឺថា តើស្ថាបនិកគេហទំព័រ Wikileaks លោក Julian Assange នឹងគោរពតាមការសន្យាទទួលយកការធ្វើបត្យាប័នមកកាន់សហរដ្ឋអាមេរិកដែរឬទេ? នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។
កាលពី០៥ថ្ងៃមុន លោក Julian Assange ដែលកំពុងរស់នៅនិរទសខ្លួនក្នុងស្ថានទូត អេក្វាឌ័រប្រចាំប្រទេសអង់គ្លេស បានសន្យាថា លោកនឹងទទួលយកការធ្វើបត្យាប័នមកកាន់សហរដ្ឋអាមេរិក បើសិនជាលោក អូបាម៉ា យល់ព្រមលើកលែងទោសឱ្យលោក Chelsea Manning។
ដោយឡែកពាក់ព័ន្ធនឹងការបន្ធូរបន្ថយទោសនេះដែរ ស្ថាបនិកគេហទំព័រ Wikileaks រូបនេះបានសាទរ និងអរគុណដល់អ្នកទាំងឡាយដែលបានតស៊ូដើម្បីឱ្យ Manning មានសេរីភាពឡើងវិញ ចំណែកឯមេធាវីរបស់លោក Assange ក៏បានអះអាងថា លោកនឹងគោរពតាមអ្វីដែលខ្លួនបានសន្យាផងដែរ។
ជាងនេះទៅទៀតបើការធ្វើបត្យាប័នរូបលោកត្រូវបានធ្វើឡើងមែននោះ លោក Assange អាចនឹងប្រឈមមុខនឹងការចោទប្រកាន់ពីបទ ធ្វើចារកម្មពីសំណាក់អាជ្ញាធរអាមេរិក ខណៈមកទល់ពេលនេះរដ្ឋបាល លោក អូបាម៉ា មិនទាន់ដាក់សំណើធ្វើបត្យាប័ននៅឡើយទេ។
គួរបញ្ជាក់ថា នៅមុនពេលបញ្ចប់អាណតិ្តជាប្រធានាធិបតីអាមេរិក លោក អូបាម៉ា នៅថ្ងៃអង្គារសប្តាហ៍នេះ បានសម្រេចលើកលែងទោសដល់មនុស្ស ៦៤នាក់ និងបន្ធូរបន្ថយទោសសម្រាប់មនុស្ស ២០៩នាក់ រួមទាំង Chelsea Manning ផងដែរ ដែលជាអតីតកងទ័ពអាមេរិកម្នាក់ បានវះកាត់ប្ដូរភេទពីស្រីទៅប្រុស។
Chelsea Manning មានអាយុ ២៩ឆ្នាំ និងមានឈ្មោះដើម Bradley Manning ត្រូវបានតុលាការអាមេរិកផ្ដន្ទាទោសកាលពីខែសីហា ឆ្នាំ២០១៣ ឱ្យជាប់ពន្ធនាគារ ៣៥ឆ្នាំពីបទបញ្ជូនឯកសារសម្ងាត់ជាង ៧០០,០០០ទំរង់ឱ្យទៅគេហទំព័រ Wikileaks ក្នុងនោះមានទាំងឯកសារនិយាយពីការរំលោភបំពានរបស់កងទ័ពអាមេរិកនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់ថែមទៀតផង៕