(ម៉ូស្គូ)៖ មកទល់ពេលនេះ​ប្រទេសរុស្ស៊ី ​នៅតែបន្ត​ការធ្វើសកម្មយុទ្ធយោធា​ឥតឈប់ឈរ​ដោយទើបតែ​បានចាប់​ផ្តើមការហ្វឹកហ្វឺន​ចំពោះការ​ប្រើ​​ប្រាស់​​ប្រព័ន្ធ​មីស៊ីល​​ចល័ត «Yars» ដ៏មានអានុភាព​របស់ខ្លួនបន្ថែម​ទៀត ខណៈពេល​ដែលសហរដ្ឋអាមេរិក​បាន និងកំពុងដាក់ពង្រាយ​កងទ័ព​រាប់ពាន់​នាក់ និង​​រថ​ក្រោះ​​​រាប់​សិបគ្រឿង​នៅតំបន់អឺរ៉ុប​ខាងកើត​ក្បែរព្រំដែន​រុស្ស៉ី​។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅ​មុន​នេះ​​បន្តិច​​នា​ល្ងាច​ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។

កងវរសេនាធំ​នៃកងកម្លាំង​ប្រើប្រាស់​មីស៊ីល​ជាយុទ្ធសាស្រ្ត​ នៅក្នុងទីក្រុង Novosibrisk នឹងចាប់​ផ្តើម​អនុវត្តន៍​សមយុទ្ធ​យោធា​ខាងលើ​ដោយ​ផ្តោតសំខាន់​ទៅលើ​ ការប្រឆាំង​ទប់ទល់​នឹងការវាយ​ប្រហារនានា តាមរយៈ​ផ្លូវ​គោក​​ក៏ដូចជា​ផ្លូវអាកាស និងការវាយ​កម្ចាត់​ទាំងស្រុង​នូវកងកម្លាំង​​សត្រូវ​ដែលជិត​វិនាស។ ព្រមពេល​ជាមួយ​គ្នា​ការហ្វឹកហ្វឺន​នេះ​ក៏រួមមាន​ទាំង ​ការ​រុករក ការរារាំង និងការ​វាយលុក​ទៅលើស​ត្រូវ​នាពេល​​រាត្រី​ផងដែរ។

គួរបញ្ជាក់ថា ប្រព័ន្ធ Yars គឺជាមីស៊ីល​ផ្លោងបាញ់​ឆ្លងទ្វីប​របស់​ប្រទេសរុស្ស៊ី ​ដែល​មាន​រយៈចម្ងាយ​ដល់​ទៅ ១១,០០០គីឡូម៉ែត្រ ហើយ​និងអាច​​បំពាក់ក្បាលគ្រាប់នុយក្លែអ៊ែរ​ ដែលមាន​ថាមពល​សរុប​ ១៥០គីឡូតោន ឬមួយ​ក៏ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន​ ១០គ្រាប់​ដាច់ដោយឡែក​ពីគ្នា ​ហើយវា​ត្រូវបាន​ពង្រាយ​នៅតាម​ទីតាំងយុទ្ធសាស្រ្ត​សំខាន់ៗ​មួយ​ចំនួន​ ក្នុងប្រទេសរុស្ស៊ី ដើម្បីជំនួស​ប្រព័ន្ធ​មីស៊ីល​ចាស់៕