(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃពុធនេះបានស្នើយ៉ាងទទូច ដល់សហរដ្ឋអាមេរិកកុំអនុញ្ញាតឲ្យក្រុមគណៈប្រតិភូនៃកោះតៃវ៉ាន់ ត្រូវអញ្ចើញទៅចូលរួមពិធីស្បថឡើងកាន់តំណែងរបស់ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងប្រព្រឹត្តទៅនាចុងសប្តាហ៍នេះ។ នេះបើតាមសម្តីអ្នកនាំពាក្យនៃក្រសួងការបរទេសចិនលោកស្រី Hua Chunying ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ដែរថា លោក ដូណាល់ ត្រាំ កាលពីចុងឆ្នាំមុនបានប្រាសចាកគោលការណ៍ដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ដោយការទទួលទូរស័ព្ទអបអរសាទរពីសំណាក់ លោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន ហើយប្រការនេះបានបណ្តាលឲ្យទីក្រុងប៉េកាំង ដែលតែងតែចាត់ទុកកោះតៃវ៉ាន់ថាគ្រាន់តែជាខេត្តមួយរបស់ប្រទេសចិននោះបានផ្ទុះកំហឹងជាខ្លាំង។ ជាងនេះទៅទៀតអនាគតប្រធានាធិបតីអាមេរិករូបនេះ ក៏បានគូសបញ្ជាក់ជាច្រើនដងដែរថា «គោលនយោបាយចិនតែមួយ» ដ៏សំខាន់នោះនឹងត្រូវធ្វើការចរចាឡើងវិញ។
លោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ (ម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន) គឺនៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ៕