អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋតិចសាស់ ដោយសារបញ្ហាសុខភាព!
18-01-2017 15:42
(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ត្រូវបានគេរាយការណ៍ថាកំពុងសម្រាកនៅឯមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Houston រដ្ឋតិចសាស់ ប៉ុន្តែទន្ទឹមគ្នានោះដែរ ប្រធានការិយាល័យរបស់លោកបានអះអាងថា ស្ថានភាពសុខភាពលោក Bush បានត្រឡប់មកភាពធម្មតា និងល្អប្រសើរឡើងវិញហើយ តែមិនបានបញ្ជាក់ពីជំងឺអ្វីទេ។ នេះបើតាមស្ថានីយ៍ទូរទស្សន៍ KHOU ដែលចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។
ថ្លែងប្រាប់ស្ថានីយ៍ទូរទស្សន៍ KHOU Houston លោក Jean Becker បានបញ្ជាក់ថា លោក George H.W. Bush មានអាយុ ៩២ឆ្នាំ កំពុងស្ថិតនៅក្នុងស្ថានភាពដ៏ល្អប្រសើរហើយលោកអាចនឹងចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ចំណែកឯមន្ទីរពេទ្យដែលលោកស្នាក់នៅ និងព្យាបាលពុំទាន់ត្រូវគេបញ្ជាក់ឈ្មោះ និងទីតាំងនៅឡើយទេ។
គួរបញ្ជាក់ថាអតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ដែលត្រូវជាឪពុករបស់អតីតប្រធានាធិបតី លោក George W. Bush មិនសូវជាបានបង្ហាញមុខជាសាធារណឡើយចាប់តាំងទសវត្សរ៍ទី៩០មក ហើយកាលពីឆ្នាំ២០១៤ លោកបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជាង ០៧សប្ដាហ៍ដើម្បី ព្យាបាលជំងឺរលាកសួត និងពិបាកដង្ហើម ៕