(រុស្ស៊ី)៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានបង្ហាញឆន្ទៈក្នុងការធ្វើកិច្ចសហការជាមួយនឹងរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដើម្បីស្វែងរកការដោះស្រាយបញ្ហា និងដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដែលប្រទេសទាំងពីរមានរួមគ្នា។ នេះបើតាមសម្តីរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ ដកស្រង់ និងចុះផ្សាយដោយសារព័ត៌មានស៊ិនហួរ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់ លោក ឡាវរ៉ូវ បានអះអាងជាថ្មីម្តងទៀតថា រដ្ឋាភិបាលទីក្រុង ម៉ូស្គូ បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងលក្ខខណ្ឌជាពាណិជ្ជកម្ម និងដោយស្មើភាព ព្រមទាំងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
លោក ត្រាំ ដែលនឹងស្បថឡើងកាន់តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ បានលើកឡើងថា លោកចង់ផ្តោតសំខាន់ លើផ្នែកសន្តិសុខ ដែលជាផលប្រយោជន៍មូលដ្ឋានរបស់សហរដ្ឋអាមេរិក ស្របពេលដែលលោក ឡាវរ៉ូវ បានលើកឡើងដូចគ្នាផងដែរ ជាមួយនឹងគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ដែលបង្កើតឡើងដោយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។
«នៅពេលដែលយើងបានឮថា ក្នុងគោលនយោបាយការបរទេស អ្វីដែលសំខាន់សម្រាប់លោក ដូណាល់ ត្រាំ គឺការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម យើងពិតជាអបអរសាទរ»។ នេះបើតាមសម្តីលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី។ លោក ឡាវរ៉ូវ ក៏បានរិះគន់ចំពោះរដ្ឋបាលជិតផុតអាណត្តិ ស្ថិតក្រោមការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា ថាបានបរាជ័យលើការសន្យាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម៕