(ប៉េកាំង)៖ យោធាប្រទេសចិនបានឲ្យដឹងថា អាវុធគីមីរបស់ជប៉ុនក្នុងសម័យសង្គ្រាម ដែលគេបោះបង់ចោល ជាង ២,៥០០គ្រាប់ហើយត្រូវបានគេប្រមូលបានមកពីភាគខាងជើងប្រទេសចិន ក្នុងនោះរួមទាំងរដ្ឋធានី ប៉េកាំង និងទីក្រុងកំពង់ផែធានជិនផងដែរ ត្រូវបានគេបំផ្លាញចោលតាមសំណើរយៈពេល ០៤ឆ្នាំ។ នេះបើតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ។
រដ្ឋាភិបាលជប៉ុន និងចិនបាននិងកំពុងធ្វើការរួមគ្នា ក្នុងកិច្ចការសម្អាតអាវុធគីមីដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ស្ថិតក្រោមអាណត្តិនៃសន្ធិសញ្ញាឆ្នាំ១៩៩៧ រដ្ឋាភិបាលទីក្រុងតូក្យូ គឺត្រូវទទួលខុសត្រូវ ចំពោះការបោសសម្អាតអាវុធគីមីរាប់ម៉ឺនគ្រាប់ ក្រោយពីបានបន្សល់ទុកនៅលើទឹកដីចិន ដោយកងកម្លាំងខ្លួននៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២។
គួរបញ្ជាក់តាមរដ្ឋាភិបាលចិនបានលើកឡើងថា ជនជាតិចិនរាប់ពាន់នាក់បានស្លាប់ និងទទួលរងរបួសចាប់តាំងពីសង្គ្រាមបានបញ្ចប់ទៅក្នុងឆ្នាំ១៩៤៥ ដោយសារតែគ្រោះថ្នាក់ពាក់ព័ន្ធទៅនឹងអាវុធដែលកប់នៅក្រោមដី៕