(កៀហ្ស៊ីស៊ីស្ថាន)៖ ប្រអប់ខ្មៅទី០២ ត្រូវបានរកឃើញហើយ នៅទីតាំងយន្តហោះដឹកទំនិញរបស់ប្រទេសតួកគីដែលបានធ្លាក់នៅជិតរដ្ឋធានី Bishkek របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន។ នេះបើតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនារសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧នេះ។
យន្តហោះដឹកទំនិញប្រភេទ Boeing 747 ត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន ACT Airlines របស់ប្រទេសតួកគីបានធ្លាក់ចំផ្ទះរបស់ប្រជាពលរដ្ឋ នៅជិតអាកាសយាន្តដ្ឋាន Manas ជិតរដ្ឋធានី Bishkek ដែលធ្វើឲ្យផ្ទះ ១៥ខ្នងរងការខូចខាតទាំងស្រុង និងអ្នកភូមិទាំងចាស់ទាំងក្មេងជាង ៣៣នាក់ បានស្លាប់បាត់បង់ជីវិតដ៏គួរឲ្យខ្លោចផ្សាបំផុត រួមនឹងអ្នកនៅលើយន្តហោះសរុប ០៤នាក់ទៀត។
យោងតាមផ្នែករដ្ឋបាលនៃអាកាសយានដ្ឋាន Manas យន្តហោះខាងលើត្រូវបានបង្ខំឲ្យចុះចតនៅទីនោះសិន មុននឹងបន្តដំណើររបស់ខ្លួនដែលមានគោលដៅ ពីទីក្រុងហុងកុងនៃប្រទេសចិន ទៅកាន់ទីក្រុងអ៉ីស្តង់ប៊ុលនៃប្រទេសតួកគី ក៏ប៉ុន្តែជាអកុសលវាបានធ្លាក់ នៅពេលដែលកំពុងព្យាយាមធ្វើការចុះចតទាំងនៅក្នុងស្ថានភាពមើលពុំសូវឃើញច្បាស់នាវេលាម៉ោង ៧៖៣១ព្រឹក (ម៉ោងក្នុងទីក្រុងប៊ិសកិក)។
យន្តហោះដ៏ធំនេះបានធ្លាក់ រួចជ្រុលទៅបុកអូសកាត់ចំលើភូមិកើតហេតុខាងលើ ក្នុងចម្ងាយរាប់រយម៉ែត្រ និងបែកខ្លួនវាជាបំណែកយ៉ាងរប៉ាត់រប៉ាយ ហើយថែមទាំងបានធ្វើឲ្យលំនៅឋានប្រមាណ ១៥ខ្នងរងការបំផ្លិចបំផ្លាញទាំងស្រុង និងមនុស្សចំនួន ៣៧នាក់បាត់បង់ជីវិត (ក្នុងនោះ ៣៣នាក់ ជាប្រជាជនក្នុងតំបន់ និង០៤នាក់ជាមនុស្សជិះនៅលើយន្តហោះទាំងអស់រួមទាំងពីឡុត)។
ក្រោយពីកើតហេតុភ្លាមៗនៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា អាជ្ញាធរអាកាសចរណ៍កៀហ្ស៊ីស៊ីស្ថាន បានបញ្ជាឲ្យផ្អាកជើងហោះហើរទាំងអស់ ដែលមានគោលដៅចេញ និងចូលព្រលានយន្តហោះ Manas ៕