(ហុងកុង)៖ នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង លោក Leung Chun-ying បានអះអាងនៅថ្ងៃពុធនេះថា ទីក្រុងហុងកុង នឹងមិនអាចក្លាយជារដ្ឋឯករាជ្យ ឬក៏ផ្ដាច់ខ្លួនចេញពីចិនជាដាច់ខាត ខណៈក្រុមសកម្មជនជាច្រើនកំពុងទាមទារឱ្យទីក្រុងមួយនេះ ក្លាយជារដ្ឋឯករាជ្យពីរដ្ឋាភិបាលទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខក្រុមអ្នកច្បាប់ក្នុងទីក្រុងហុងកុង លោក Leung បានលើកឡើងដូច្នេះថា «នៅទីនេះ (ទីក្រុងហុងកុង) នឹងមិនអាចក្លាយជារដ្ឋឯករាជ្យ ឬក៏ផ្ដាច់ខ្លួនចេញពីចិនជាដាច់ខាត ទោះបីជាការផ្ដាច់ខ្លួននោះត្រូវធ្វើឡើងក្រោមទម្រង់បែបណាក៏ដោយ»។
គួរបញ្ជាក់ថា ការអះអាងបែបនេះរបស់លោក Leung Chun-ying ធ្វើឡើងនៅមុនពេលលោកត្រូវលាលែងពីមុខតំណែង បន្ទាប់ពីបានដឹកនាំទីក្រុងហុងកុងអស់រយៈពេលជាង០៥ឆ្នាំមកនេះ។ ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ឱ្យចិន នៅឆ្នាំ១៩៩៧ តាមរយៈការអនុវត្តន៍គោលនយោបាយ «ប្រទេសតែមួយប្រព័ន្ធដឹកនាំពីរ» ដែលបានផ្ដល់ស្វ័យភាពយ៉ាងខ្លាំង ដល់អតីតដែនដីអាណានិគមអង់គ្លេសមួយនេះ៕