(សេអ៊ូល)៖ ក្រុមហ៊ុន Samsung Electronics បានឱ្យដឹងនៅថ្ងៃពុធនេះថា ខ្លួននឹងចាប់ផ្ដើមផ្គត់ផ្គង់កម្មវិធី Exynos processors សម្រាប់ប្រព័ន្ធផ្តល់ព័ត៌មាន និងកម្សាន្តបែបថ្មីនៅក្នុងរថយន្ដដល់ក្រុមហ៊ុន Audi ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen ហើយដែលនេះគឺជាផ្នែកមួយនៃការពង្រីកការលក់បន្ទះ Chip នៃទីផ្សាររថយន្ដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រុមហ៊ុន Samsung បានឲ្យដឹងថា កម្មវិធី Exynos processors នឹងមានជាផ្ទាំងអេក្រង់បង្ហាញចំនួនបួនស្រាប់បម្រើកម្មវិធីកម្សាន្ត និងផ្តល់ដំណឹងសម្រាប់រថយន្ដលំដាប់ខ្ពស់ Audi ជំនាន់ថ្មី ដោយមិនបានបញ្ជាក់ឡើយពីតម្លៃនៃកិច្ចសន្យា ឬក៏ថាតើក្រុមហ៊ុននឹងប្រើបន្ទះ Chip ប្រភេទអ្វីនោះ។
សម្រាប់ប្រព័ន្ធកម្សាន្ត និងប្រាប់ដំណឹងនៅក្នុងរថយន្ដទំនើបនេះ ត្រូវបានបំពាក់ដោយផ្ទាំងអេក្រង់បង្ហាញពីមឺនុយក៏ដូចជាសេវា អ៊ីនធើណែត ប្រព័ន្ធចង្អុលបង្ហាញផ្លូវ MP3 និងវីដេអូជាដើម ហើយមិនតែប៉ុណ្ណោះប្រព័ន្ធថ្មីនេះ ក៏នឹងអនុញ្ញាតឱ្យម្ចាស់រថយន្ដភ្ជាប់ទូរស័ព្ទដៃរបស់ពួកគេជាមួយរថយន្ដ ដើម្បីបង្កើនការកម្សាន្ត និងជជែកគ្នាផងដែរ។
គួរបញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់កំពូលលើលោក កំពុងព្យាយាមវាយលុកចូលក្នុងទីផ្សារបន្ទះ memory chips តាមរយៈការបង្កើនការលក់បច្ចេកវិទ្យាមុខងារកម្សាន្តនៅលើរថយន្ដ ខណៈ Samsung ក៏បានផ្គត់ផ្គង់រួចហើយដែរនូវ memory chips សម្រាប់ក្រុមហ៊ុន Audi៕