(ប៉េកាំង)៖ ប្រទេសចិនមានឆន្ទៈខ្ពស់ក្នុងការដើរតួនាទីយ៉ាងសកម្មដើម្បីស្វែងរកដំណោះស្រាយផ្នែកនយោបាយដ៏សាកសមមួយ សម្រាប់វិបត្តិនៅប្រទេសអ៊ុយក្រែន ដែលនេះគឺជាការលើកឡើងរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅកាន់ប្រធានាធិបតីអ៊ុយក្រែន ផេត្រូ ផរ៉ូសេនកូ ហើយលោក ស៊ី បានបន្ថែមថារូបលោកបានចាត់ទុកបណ្តាប្រទេសនៅអឺរ៉ុបខាងកើតជាមិត្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១០៧។
នាឱកាសជំនួបក្រៅផ្លូវការនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស លោក ស៊ី ជីងពីង បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Petroផេត្រូ ផរ៉ូសេនកូ ថាប្រទេសទាំងពីរមានចំណងមិត្តភាពដ៏យូរអង្វែងមួយ ហើយប្រទេសចិនមានបំណងចង់អភិវឌ្ឍន៍ទំនាក់ទំនង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាឲ្យកាន់តែស៊ីជម្រៅជាងមុន។
លោកប្រធានាធិបតីចិនបានថ្លែងថា «យើងពិតជាសង្ឃឹមថាអ៊ុយក្រែននៅតែបន្តរក្សាស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ហើយពួកយើងមានឆន្ទៈខ្ពស់ក្នុងការដើរតួនាទីយ៉ាងសកម្មដើម្បីលើកស្ទួយដំណោះស្រាយផ្នែកនយោបាយ សម្រាប់វិបតិ្តនានាដែលបាន និងកំពុងកើតមាននៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងតាំងពីដើមមក ពុំសូវជាមានចំណាប់អារម្មណ៍ប៉ុន្មានឡើយក្នុងការចូលពាក់ព័ន្ធជាមួយកិច្ចខិតខំរកដំណោះស្រាយបញ្ចប់វិបត្តិនៅអ៊ុយក្រែន ប៉ុន្តែខណៈដែលអនាគតរដ្ឋបាលអាមេរិកថ្មី ហាក់បង្ហាញជំហរប្រឆាំងចិនរួចជាស្រេចនោះ ប្រទេសយក្សមួយនេះក៏នឹងកាន់តែព្យាយាមបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ប្រកបដោយសក្តានុពលនានានៅលើលោកបន្ថែមទៀតផងដែរ៕