(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើងត្រូវបានគេមើលឃើញថា បានដើរហើរទៅណាមកណា ដោយប្រើប្រាស់ឈើច្រត់ជំនួយជាថ្មីម្តងទៀតហើយ ដោយកាលពីឆ្នាំមុនលោកធ្លាប់បានទទួលការព្យាបាលផ្នែកកជើង និងបានប្រើប្រាស់ឈើច្រត់ជំនួយដូចពេលនេះដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នាព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថាលោក គីម ជុងអ៊ុន មានវ័យ ៣៣ឆ្នាំហើយ ដោយលោកបានឡើងកាន់តំណែងជាមេដឹកនាំកំពូលផុតលេខរបស់ប្រទេសកូរ៉េខាងជើង កាលពីឆ្នាំ២០១២ ក្រោយការទទួលមរណភាពរបស់ឪពុកគឺលោក គីម ជុងអ៊ីល កាលពីខែធ្នូ ឆ្នាំ២០១១។ ការប្រើប្រាស់ឈើច្រត់ គឺត្រូវបានគេប្រទះតាំងពីចុងខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ នៅពេលលោក គីម បានដឹកនាំការងារនានា ដែលមានការចេញផ្សាយសកម្មភាពរបស់លោក តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ។
កាលពីលោក គីម ជំនាន់ទីបីឡើងកាន់តំណែងជាលើកដំបូងនោះ ទម្ងន់របស់លោកមិនដល់ ១០០គីឡូក្រាមនោះឡើយ ប៉ុន្តែមកដល់ឆ្នាំ២០១៦ កន្លងទៅនេះទម្ងន់របស់លោកបានកើនឡើងដល់ជាង ១៣០គីឡូក្រាម ខណៈកម្ពស់របស់លោកតែ ១៧០សង់ទីម៉ែត្រតែប៉ុណ្ណោះ។ ប្រការនេះធ្វើឲ្យយើងដឹងថា កម្ពស់និងទម្ងន់របស់លោក គឺមិនល្អសម្រាប់សុខភាពនោះឡើយ ហើយលោក គីម ក៏ចូលចិត្តទទួលទានបារីថែមទៀត៕