(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជិតផុតអណត្តិមែនទែន លោក បារ៉ាក់ អូបាម៉ា នឹងធ្វើសន្និសីទសារព័ត៌មានជាលើកចុងក្រោយនៅថ្ងៃពុធនេះ (ម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន) ហើយវាក៏នឹងក្លាយជាលើកចុងក្រោយផងដែរ ដែលប្រជាជនអាមេរិកបានស្ដាប់លោក អូបាម៉ា ថ្លែងសុន្ទរកថា ក្នុងនាមជាអគ្គមេបញ្ជាការយោធា និងប្រធានាធិបតីអាមេរិក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។
យោងតាមប្រពៃណី ឬទម្លាប់របស់ប្រធានាធិបតីមុនៗ គឺតែងតែបានធ្វើសន្និសីទសារព័ត៌មានជាលើកចុងក្រោយរៀងៗខ្លួននៅមុនពេលបញ្ចប់អាណត្តិ។ ជាក់ស្ដែងអតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែលយូ ប៊ូស (George W. Bush) ធ្លាប់បានធ្វើសន្និសីទជុំចុងក្រោយរបស់លោក និងបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ ពោលគឺ ០៨ថ្ងៃមុននឹងលោក អូបាម៉ា ស្បថចូលកាន់មុខតំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការ។
ជាងនេះទៅទៀត បើនិយាយពីសន្និសីទសារព័ត៌មាននៅកាលនោះដែរ លោក ចច ដាប់ប៊ែលយូ ប៊ូស ត្រូវបានអ្នកសារព័ត៌មានជជីកសួរពីរឿងរសើបមួយចំនួនដូចជា ជម្លោះនៅមជ្ឈិមបូព៌ា និងវិបត្តិហិរញ្ញវត្ថុជាដើម។ ដោយឡែកសម្រាប់ លោក អូបាម៉ា ក៏ទំនងជាមិនខុសគ្នាដែរដោយលោក អាចនឹងត្រូវបានគេសួរសំណួរពាក់ព័ន្ធ នឹងការលូកដៃរបស់រុស្ស៊ី ចូលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ព្រមទាំងមរតកនយោបាយ ដែលលោកបន្សល់ទុកផងដែរ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧៕