(ដាវ៉ូស)៖ ខណៈនៅប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដែល លោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកថ្មីនោះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់ទៅកាន់លោក ចូ បៃដិន (Joe Biden) អនុប្រធានាធិបតីអាមេរិកថា ពិភពលោកទាំងមូលត្រូវការឲ្យចិន និងសហរដ្ឋអាមេរិកមានទំនាក់ទំនងជាមួយគ្នាប្រកបដោយស្ថិរភាព និងសហប្រតិបត្តិការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។
នៅក្នុងជំនួបក្រៅផ្លូវការនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស (Davos) នៃប្រទេសស្វីសលោក ស៊ី ជីងពីង បានថ្លែងទៅកាន់លោក ចូ បៃដិន ថារូបលោកសូមធ្វើការកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក បៃដិន ក្នុងការបង្កើនចំណងមិត្តភាពព្រមទាំងការយោគយល់ក៏ដូចជា អធ្យាស្រ័យគ្នាទៅវិញទៅមករវាងរប្រទេសទាំងពីរ។
លោកប្រធានាធិបតីនៃប្រទេសចិនបានលើកឡើងថា «នៅក្នុងរយៈពេល ៣៨ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឆ្លងកាត់ព្យុះភ្លៀងជាច្រើនរាប់មិនអស់ ប៉ុន្តែជាធម្មតានៅតែបន្តពុះពារឆ្ពោះទៅមុខឥតរួញរាដើម្បីពង្រឹងឲ្យកាន់តែរឹងមាំ»។ លោក ស៊ី ជីនពីង បានបន្ថែមទៀតថា នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ទំនាក់ទំនងចិន-អាមេរិក ត្រូវបានគ្រង់គ្នាសង្កេតឃើញថា មានការអភិវឌ្ឍដ៏ត្រឹមត្រូវមួយ ហើយលទ្ធផលវិជ្ជមាន និងសំខាន់ៗជាច្រើនត្រូវសម្រេចបាន។ ជាចុងក្រោយលោក ស៊ី បានថ្លែងថា «ប្រជាជននៃប្រទេសទាំងពីរក៏ដូចជាពិភពលោកទាំងមូល ចាំបាច់ទាមទារឲ្យចិន និងអាមេរិកខិតខំរួមសហការ ដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការមួយដែលប្រកបដោយស្ថិរភាព»។
នៅក្នុងឱកាសនោះលោក ចូ បៃដិន ក៏បានគូសបញ្ជាក់ដែរថា សហរដ្ឋអាមេរិកសង្ឃឹមថាប្រទេសទាំងពីរ «អាចបន្តជម្រុញការជឿទុកចិត្តគ្នាទៅវិញទៅមក ឲ្យកាន់តែស៊ីជម្រៅ និងអាចពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត»។ ដោយឡែកនៅក្នុងជំនួបក្រៅផ្លូវការនេះ ពុំមានការលើកឡើងណាមួយពាក់ព័ន្ធនឹងអនាគតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលនឹងស្បថចូលកាន់តំណែងនៅចុងសប្តាហ៍នេះឡើយ៕