(ប៉ារីស)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក មីសែល សាបុ័ង (Michel Sapin) បានគូសបញ្ជាក់ នៅថ្ងៃអង្គារ នេះថា ការរិះគន់សហភាពអឺរ៉ុប ពីសំណាក់ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យអឺរ៉ុបទាំងមូលកាន់តែរ៉ឹងមាំ និងមានសាមគ្គីភាព ជាងមុនទៅទៀត។ នេះបើតាមចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក មីសែល សាបុ័ង ធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានរិះគន់ធ្ងន់លើសហភាពអឺរ៉ុប និងអង្គការណាតូ ព្រមទំាង បានអះអាងដែរថា អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានប្រព្រឹត្តិកំហុសមួយដ៏ធ្ងន់ ដែលអាចបង្កជាគ្រោះមហន្តរាយ ដោយសារតែ គោលនយោបាយអន្តោប្រវេសន៍របស់លោកស្រី។ លោក មីសែល សាបុ័ង បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «បើសិនជាគាត់(លោកត្រាំ)ថ្លែងសារបែប នេះកាន់តែច្រើន អឺរ៉ុបនឹងកាន់តែរឹងមាំ»។ ប៉ុន្តែទន្ទឹមគ្នានោះដែរ លោកក៏បានបញ្ជាក់ដែរថា ការរិះគន់របស់លោកត្រាំ ជារឿងមិនអាចទទួលយកបាន។
ដោយឡែកឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ថាតើអឺរ៉ុបនឹងប្រតិកម្មយ៉ាងដូចម្ដេច នៅក្នុងករណីដែលលោកត្រាំ ចង់តម្លើងពន្ធនាំចូល៣៥ភាគរយ លោក សាបុ័ន បាននិយាយថា «យើងនឹងត្រួតពិនិត្យលើភាពខុសគ្នារវាងការលើកឡើងរបស់លោកត្រាំ និងច្បាប់ ថាតើការតម្លើងពន្ធនេះច្បាប់អនុញ្ញាត ដែរឬទេ?
គួររំលឹកថា កាលពីប៉ុន្មានថ្ងៃមុននេះ លោកដូណាល់ ត្រាំ ប្រាប់សារព័ត៌មានអាល្លឺម៉ង់ The Bild ថា លោកចង់តម្លើងពន្ធ៣៥ភាគរយ លើក្រុមហ៊ុនផលិត រថយន្ដអាល្លឺម៉ង់សម្រាប់ការនាំចូលរថយន្ដ មកក្នុងទីផ្សារអាមេរិក៕