(នីហ្សេរីយ៉ា)៖ យន្តហោះចម្បាំងនៃកងទ័ពជើងអាកាសនីហ្សេរីយ៉ា បានសម្លាប់ជីវិតមនុស្សយ៉ាងតិចចំនួន៥២នាក់ និងធ្វើឲ្យរងរបួសចំនួន១២០នាក់ផ្សេងទៀត នៅក្នុងការវាយប្រហារដោយទម្លាក់គ្រាប់បែកទៅលើជំរុំជនភៀសខ្លួនមួយកន្លែង នៅភាគឦសាននៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។
អ្នកនាំពាក្យអង្គការមនុស្សធម៌ Medecins Sans Frontieres (MSF) បានឲ្យដឹងថា ការវាយប្រហារខាងលើបានកើតឡើងនៅក្នុងក្រុង Rann នៃរដ្ឋ Borno ដែលជាមូលដ្ឋានប្រមូលផ្តុំទៅដោយក្រុមសកម្មប្រយុទ្ធ Boko Haram ខណៈយោធានីហ្សេរីយ៉ាអះអាងថាប្រតិបត្តិការតាមផ្លូ អាកាសនេះតាមពិតទៅគឺត្រូវបាន ធ្វើឡើងក្នុងគោលបំណងសំដៅរកក្រុមជ្រុលនិយមនេះតែប៉ុណ្ណោះ ដោយពុំមានចេតនាបើកការវាយប្រហារទៅលើជំរុំជនភៀសខ្លួននោះឡើយ។
លោក Tim Shenk អ្នកនាំពាក្យ MSF បាននិយាយថា «មនុស្សយ៉ាងហោចណាស់ក៏ចំនួន៥២នាក់ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះ ហើយ១២០នាក់ផ្សេងទៀតបានទទួលរងរបួស»។ ជាមួយគ្នានេះក្រុមគ្រូពេទ្យនៃអង្គការ MSF នៅក្នុងតំបន់កំពុងត្រៀមខ្លួនដើម្បីពិនិត្យនិងព្យាបាលជនរងគ្រោះដែលត្រូវបានជម្លៀសចេញពីកន្លែងរងការវាយប្រហារ។ ទន្ទឹមនឹងនេះលោក Femi Adesina អ្នកនាំពាក្យប្រធានាធិបតីនីហ្សេរីយ៉ា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍តាមសារអេឡិចត្រូនិចមួយថា «លោកប្រធានាធិបតី Muhammadu Buhari បានសន្យាថា និងផ្តល់ជំនួយឲ្យអស់ពី សមត្ថភាពដល់ជនទាំងឡាយ នៅក្នុងកំហុសប្រតិបត្តិការយោធាដែលគួរឲ្យសោកស្តាយជាទីបំផុតនេះ»។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ Boko Haram បានសម្លាប់ជីវិតមនុស្សដល់ទៅជាង១៥,០០០នាក់ គិតចាប់តាំងពីឆ្នាំ២០១០មក ហើយបានបង្ខំឲ្យប្រជាជន នីហ្សេរីយ៉ាប្រមាណជាពីរលាននាក់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ដែលភាគច្រើនក្នុងចំណោមនោះបានផ្លាស់ទៅស្នាក់អាស្រ័យនៅក្នុងជំរុំសម្រាប់ ជនគ្មានទីជ្រកកោណនៅក្នុងប្រទេស៕