(ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បាននិយាយនៅថ្ងៃអង្គារថា ផែនការចាកចេញពីសហភាពអឺរ៉ុប (Brexit) របស់លោកស្រីគឺមានន័យថា ទីក្រុងឡុងដ៏ នឹងចាកចេញពីទីផ្សារអឺរ៉ុបតែមួយ ប៉ុន្តែក្នុងពេលជាមួយគ្នា លោកស្រី May ក៏បានបញ្ជាក់ដែរថា ជំរើស Brexit នៃប្រជាជនអង់គ្លេស មិនមែនមានន័យថា ជាការកាត់ផ្ដាច់ពីទំនាក់ទំនងជាមួយពិភពលោកនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារ ព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
ថ្លែងក្នុងសុន្ទរកថា នៅឯទីក្រុងឡុងដ៏ លោកស្រី Theresa May បានលើកឡើងដូច្នេះថា «អ្វីដែលខ្ញុំបានស្នើ ឬលើកឡើងមិនមែនមានន័យថា យើងនឹង បន្តស្ថិតនៅក្នុងទីផ្សារអឺរ៉ុបតែមួយទៀតនោះទេ ហើយខ្ញុំនឹងដាក់លទ្ធផលនៃកិច្ចចរចាស្ដីពី Brexit ជូនសភាអង់គ្លេស។ ម្យ៉ាងវិញទៀត ការសម្រេចចិត្ត ចាកចេញពីសហភាពអឺរ៉ុបតាមរយៈការបោះឆ្នោតប្រជាមតិកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ មិនមែនបញ្ជាក់ថា យើងចង់ផ្ដាច់ទំនាក់ទំនងជា មួយពិភពលោកនោះទេ (...) ការសម្រេចិត្តរបស់យើងក៏មិនមែនធ្វើឡើងព្រោះតែយើងចង់បដិសេធតម្លៃ ឬជាការដាក់ទណ្ឌកម្មលើសហភាពអឺរ៉ុបនោះ ដែរ ពោលគឺដើម្បីបង្កើតឡើងវិញនូវសិទ្ធិកំណត់លើជោគវាសនារបស់យើង»។
គួរបញ្ជាក់ថា បើតាមលោកស្រី Theresa May ជោគជ័យរបស់សហភាពអឺរ៉ុប គឺស្ថិតនៅក្នុងផលប្រយោជន៍របស់អង់គ្លេស។ «យើងចាកចេញពីសហភាពអឺរ៉ុប ប៉ុន្តែយើងមិនដើរចេញពីអឺរ៉ុបឡើយ»។ នេះបើតាមលោកស្រី Theresa May៕