(វ៉ាស៊ីនតោន)៖ ក្រុមបាតុករអាមេរិករាប់សែននាក់បានត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមក្នុងបាតុកម្មតវ៉ាប្រឆាំងលោក ដូណាល់ ត្រាំ នៅថ្ងៃលោកស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ ខណៈក្រុមបាតុករនៃចលនាស្ត្រី Women’s March ជាង ១០០,០០០នាក់ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងបាតុកម្មនេះដែរ ដែលនឹងត្រូវធ្វើឡើងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងនៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអង់គ្លេស The Guardian នៅល្ងាចថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យប្រជាជនអាមេរិកភាគច្រើនស្រឡាំងកាំងជាខ្លាំង ហើយពួកគេបានធ្វើបាតុកម្មជាបន្តបន្ទាប់តាមទីក្រុងនានា ក្រោយពីលទ្ធផលឆ្នោតបង្ហាញថា លោក ត្រាំ បានផ្ដួលលោកស្រី ហ៊ីលឡារី គ្លីនតុន។ ជាងនេះទៅទៀត សូម្បីតែក្រុមសិស្សវិទ្យាល័យក៏បានសម្ដែងការជំទាស់នឹងជ័យជម្នះរបស់លោកផងដែរ។ ក៏ប៉ុន្តែបើទោះជាមានការតវ៉ា និងមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងអាជ្ញាធរ ក៏ដោយក៏លទ្ធផលបានបង្ហាញហើយថា លោក ត្រាំ គឺជាអ្នកដែលបានឈ្នះយ៉ាងពិតប្រាកដ។
គួរបញ្ជាក់ថា នៅថ្ងៃទី២០ ខែមករាខាងមុខនេះ ដែលជាថ្ងៃលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកជាផ្លូវការនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយក្រុមបាតុករមកពីទូទាំងសហរដ្ឋអាមេរិក ដែលគេប៉ាន់ស្មានថាមានគ្នា ២០០,០០០នាក់ អាចនឹងចូលរួមក្នុងបាតុកម្មតវ៉ាប្រឆាំងនឹងប្រធានាធិបតីអាមេរិកថ្មីជាមួយក្រុមចលនា Women’s March ផងដែរ៕