(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡារ៉ូវ បានថ្លែងនៅថ្ងៃអង្គារនេះថា ការដាក់ពង្រាយកងកម្លាំងនៃអង្គការ NATO នៅតំបន់អឺរ៉ុបខាងកើតគឺជម្រើសមិនល្អនោះឡើយ ដោយតាំងពីដើមរៀងមករដ្ឋាភិបាលទីក្រុងម៉ូស្គូតែងតែបានប្តឹងថា សហរដ្ឋអាមេរិករួមទាំងប្រទេសសម្ព័ន្ធមិត្តនៅលោកខាងលិច បានបង្ខិតបន្តិចម្តងៗទៅកាន់តំបន់ភាគខាងកើតអឺរ៉ុប ហើយបានគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេសរុស្ស៉ីទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០១៧។
ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកទើបតែបានបញ្ជូនកងម៉ារីនប្រមាណ ៣០០នាក់ទៅដល់ប្រទេសន័រវេស ដើម្បីដាក់ឲ្យឈរជើងរយៈពេលពី ០៦ខែទៅមួយឆ្នាំនៅឯមូលដ្ឋានយោធា Vaernes ដែលស្ថិតនៅចម្ងាយប្រហែល ១,៥០០គីឡូម៉ែត្រពីព្រំប្រទល់ប្រទេសរុស្ស៉ី ដោយអះអាងថា ដើម្បីសិក្សាអំពីយុទ្ធសាស្រ្តធ្វើសង្រ្គាមនារដូវត្រជាក់។
បន្ថែមពីនេះសហរដ្ឋអាមេរិកក៏បានចាប់ផ្តើមការដាក់ពង្រាយកងទ័ពប្រហែលជា ៤,០០០នាក់ រួមជាមួយនិងរថក្រោះចំនួន ៨៧គ្រឿង ទៅកាន់តំបន់អឺរ៉ុបខាងកើតផងដែរ ក្រោមហេតុផលទប់ស្កាត់ការពង្រីកឥទ្ធិពលយោធា និងដើម្បីកំញើញរុស្ស៊ី ដែលអាចនឹងលើកទឹកចិត្តឱ្យបណ្ដាប្រទេសតូចៗហ៊ានពើងទ្រូងដាក់ទីក្រុងមូស្គូ ក៏ប៉ុន្តែអ្នកវិភាគនយោបាយ និងសង្រ្គាមដ៏ជំនាញៗជាច្រើនរូបបានលើកឡើងថា វាក៏អាចនឹងបង្កឱ្យមានជម្លោះនៅក្នុងតំបន់ផងដែរ។
កាលពីចុងឆ្នាំ២០១៦ នៅក្នុងសមយុទ្ធយោធាមួយរថយន្តពាសដែក ដែលផ្ទុកពេញដោយទ័ពម៉ារីនរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ព្រៃស្រល់ដ៏ស្ងាត់ជ្រងំ ជាមួយនឹងសីតុណ្ហភាព ត្រជាក់ ក្រោមសូន្យអង្សាទៅកាន់តំបន់មួយ ដែលស្ថិតនៅឆ្ងាយពីខ្សែបន្ទាត់នៃតំបន់អាក់ទិក ខណៈដែលមាន Drone មិនស្គាល់អត្តសញ្ញាណ កំពុងហោះសំកាំងពីលើពួកគេ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤កន្លងទៅនេះ ប្រទេសរុស្ស៊ីបានបោះជំហានទៅរកការឈ្លានពានតំបន់ដែលពួកគេចង់បាន ព្រមទាំងអាចប្រើប្រាស់អំណាចយោធានៅទីនោះ ហើយនេះជាហេតុផលដែលឲ្យអាមេរិកត្រូវផ្លាស់ប្តូរការផ្តោតការយកចិត្តទុកដាក់ចំពោះប្រទេស អាហ្វហ្គានីស្ថាន ហើយងាកមករួបរួមកម្លាំងការពារជាតិជាមួយសម្ព័ន្ធមិត្តក្នុងអង្គការ NATO វិញ។ មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ប្រទេសណ័រវេស បានប្រាប់សារព័ត៌មាន CNN ថាពួកគេមានក្តីបារម្ភជាខ្លាំងពីការគំរាមកំហែងរបស់ប្រទេសរុស្ស៊ី បន្ទាប់ពីវិបត្តិនៅគ្រីមៀ និងតំបន់ភាគខាងកើតអ៊ុយក្រែន ជាកន្លែងដែលក្រុមបះបោរផ្តាច់ខ្លួនរស់នៅដោយមានរុស្ស៊ីនៅពីក្រោយខ្នង៕